អាជ្ញាធរព្រែកជីកស៊ុយអេត្រូវបូមខ្សាច់ ២០.០០០ ម៉ែត្រគូប ទើបរំដោះកប៉ាល់យក្សបាន

យោងតាមអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) បានឱ្យដឹងថា ខ្សាច់រហូតដល់ ២០.០០០ ម៉ែត្រគូបនៅក្នុងព្រែកចាំបាច់ត្រូវបូមចេញដើម្បីរំដោះនាវាដឹកកុងតឺន័រដ៏ធំមហិមា ដែលបានជាប់កឿងនៅទីនោះតាំងពីថ្ងៃអង្គារ។

នាវាដឹកកុងតឺន័រដែលមានឈ្មោះថា Ever Given ប្រវែងស្មើនឹងកម្ពស់អគារ Empire State Building បានកឿងក្នុងព្រែកជីករបស់អេហ្ស៊ីប បន្ទាប់ពីជាប់ក្នុងខ្យល់កន្ត្រាក់ល្បឿន ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងព្យុះខ្សាច់ ដែលបណ្តាលឱ្យពិបាកមើលផ្លូវនិងកាច់ចង្កូត។

នាវានេះបានបិទផ្លូវមួយក្នុងចំណោមផ្លូវទឹកមមាញឹកបំផុតមួយនៅលើពិភពលោក ជាហេតុជំរុញឱ្យមានកិច្ចប្រឹងប្រែងជួយសង្គ្រោះដ៏អស់សង្ឃឹម ដោយរាប់បញ្ចូលទាំងកប៉ាក់បូមខ្សាច់ ២ គ្រឿង កប៉ាល់សណ្តោង ៩ គ្រឿង និង អេស្កាវ៉ាទ័រ ៤ គ្រឿងកាយច្រាំងព្រែកជីកស៊ុយអេ។

SCA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាបូមខ្សាច់មានការលំបាកក្នុងការបូមខ្សាច់និងភក់ចេញពីបាតនាវាហើយនាវាទាំងនោះត្រូវបូមខ្សាច់ចេញពី ១៥.០០០ ទៅ ២០.០០០ ម៉ែត្រគូប ដើម្បីឱ្យព្រែកមានជម្រៅពី ១២ ទៅ ១៦ ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យកប៉ាល់អណ្តែត។ ខ្សាច់នេះមានទំហំប្រហែល ៨ ដងនៃអាងហែលទឹកអូឡាំពិក៕

-->
adverise with khmeread