ឆ្មាំការពារព្រំដែនអាមេរិករវល់ដេក ជនអន្តោប្រវេសន៍សម្រុកចូលព្រោងព្រាត

ឆ្មាំជាតិអាមេរិកត្រូវគេប្រទះឃើញដេកលក់ក្នុងឡានភីកអាប់នៅរដ្ឋតិចសាស់ខណៈដែលជនចំណាកស្រុកសម្រុកឆ្លងព្រំដែនខុសច្បាប់ ស្របពេលនៅរដ្ឋកាលីហ្វ័រញ៉ាមានបុរសជនជាតិគុយបាម្នាក់លង់ទឹកស្លាប់ពេលព្យាយាមហែលទឹកសមុទ្រចូលទឹកដីសហរដ្ឋអាមេរិក។

ឧបទ្ទវហេតុនៅរដ្ឋតិចសាស់បានកើតឡើងនៅជិតព្រំដែនក្នុងតំបន់ Roma ក្នុងអំឡុងព្រលឹមទៀបភ្លឺថ្ងៃអង្គារទី២៣មីនា ខណៈឆ្មាំព្រំដែនដែលឃ្លាំមើលការឆ្លងដែនខុសច្បាប់ដូចទឹកបាក់ទំនប់ ទប់ងងុយលែងជាប់។

ម៉ាស៊ីនថតពីទូរទស្សន៍ Fox News បានយឹតលើសកម្មភាពទាំងអស់ដែលបានកើតឡើង នៅពេលជនចំណាកស្រុកប្រមូលផ្តុំគ្នាដោយការអត់ធ្មត់នៅក្បែរឡានឆ្មាំព្រំដែនដែលកំពុងដេកពីរនាក់ ដើម្បីរង់ចាំសម្រុកចូលសហរដ្ឋអាមេរិកដើម្បីទាមទារសិទ្ធិជ្រកកោន។

ទីបំផុត ជនចំណាកស្រុកចិត្តល្អម្នាក់បានទៅគោះទ្វារឡានដើម្បីជូនដំណឹងដល់ឆ្មាំការពារនេះយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Fox Business គឺនាង Hillary Vaughn។

នាង Hillary Vaughn និងអ្នកកាន់កាមេរ៉ារបស់នាងបានត្រឹមសម្លឹងមើល ខណៈជនអន្តោប្រវេសន៍រាប់រយនាក់ឆ្លងចូលសហរដ្ឋអាមេរិកខុសច្បាប់នៅចំណុច Rio Grande ដោយភាគច្រើននៃអ្នកឆ្លងមកនេះគឺពាក់សញ្ញាសម្គាល់លើដៃ ដែលបង្ហាញថាពួកគេបានបង់លុយឱ្យក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកដើម្បីបានឆ្លងដែន៕

-->
adverise with khmeread