ខាតធ្ងន់! រឿងភាគបុរាណកូរ៉េ Joseon Exorcist របស់ទូរទស្សន៍ SBS ត្រូវដកចេញ ក្រោយកាឡៃប្រវត្តិសាស្ត្រនិងយកល្ខោនចិនមករួមបញ្ចូល

ខ្សែភាពយន្តភាគកូរ៉េ Joseon Exorcist ទើបដាក់បញ្ចាំងដំបូងទទួលបានចំណាត់ថ្នាក់ខ្ពស់នៅសប្តាហ៍នេះ ប៉ុន្តែបន្ទាប់ពីជួបរឿងចម្រូងចម្រាសប៉ុនភ្នំ ជោគវាសនារបស់រឿងនេះឥឡូវគឺត្រូវបិទបញ្ចប់ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី២៥មីនា។ នៅព្រឹកថ្ងៃសុក្រ គឺ ៤ ថ្ងៃបន្ទាប់ពីការដាក់បញ្ចាំង ស្ថានីយទូរទស្សន៍ SBS បានបញ្ជាក់ថាខ្លួនបានដករឿងភាគនេះចេញហើយ បន្ទាប់ពីចាក់ផ្សាយបានតែ ២ ភាគដំបូងក្នុងចំណោម ១៦ ភាគដែលគ្រោងបញ្ចាំង។

រឿងភាគបុរាណបែបរន្ធត់នេះភ្លាមៗបានទាក់ទាញកំហឹងរបស់ទស្សនិកជនសម្រាប់ភាគទីមួយ។ បញ្ហាចម្បងដែលធ្វើឱ្យទស្សនិកជនខឹងសម្បាគឺការបំភ្លៃប្រវត្តិសាស្ត្រនិងការបញ្ចូលល្ខោនរបស់ចិននៅក្នុងរឿងភាគកូរ៉េ។

សាច់រឿងនេះគឺកំណត់យករឿងរ៉ាវកើតឡើងក្នុងសតវត្សរ៍ទី ១៥ ក្នុងរជ្ជកាលស្តេចតេជុង ដែលជាស្តេចទី ៣ នៃនគរចូសឹង (១៣៩២-១៩១០) ។ ស្តេចតេជុងរួមជាមួយបុត្រាពីរអង្គរបស់ទ្រង់គឺព្រះអង្គម្ចាស់ជុងយ៉ុងនិងព្រះអង្គម្ចាស់យ៉ាងយឹង បានព្យាយាមការពារនគរពីវិញ្ញាណបិសាច ដែលបង្ហាញជាទម្រង់ខ្មោចឆៅអឺរ៉ុប។

ទោះបីខ្សែភាពយន្តមួយនេះប្រាប់ពីរឿងប្រឌិតនិងជំនឿអរូបិក្តី ក៏ទស្សនិកជននៅតែអាក់អន់ចិត្តចំពោះការបង្ហាញស្តេចតេជុងជាជនផ្តាច់ការ ដោយបង្ហាញឈុតដែលទ្រង់សម្លាប់រាស្ត្រសាមញ្ញស្លូតត្រង់នៅដើមភាគទីមួយ។

ចំណុចបារម្ភមួយទៀតគឺការរ៉ាយរ៉ាប់អំពីព្រះអង្គម្ចាស់ជុងយ៉ុង ដែលបានក្លាយជាស្តេចនគរចូសឹងនិងជាស្តេចដែលជនជាតិកូរ៉េគោរពឱ្យតម្លៃបំផុត។ ក្នុងសាច់រឿងនេះ អ្នកដឹកនាំរឿងបានបង្ហាញទ្រង់ចូលចិត្តស្រីពេស្យា (gisaeng) កំដរឆ្វេងស្តាំ។

ត្រង់ឈុតនេះហើយដែលផ្ទុះរឿងចម្រូងចម្រាសខ្លាំង ព្រោះមានឈុតសម្តែងល្ខោនចិន និង អាហារចិន។ ក្រុមការងារផលិតរឿងបានព្យាយាមពន្យល់ទស្សនិកជនថា រឿងភាគនេះគឺដំណាលអំពីព្រំដែនបុរាណរវាងកូរ៉េនិងចិនក្នុងរជ្ជកាលមីង ប៉ុន្តែមិនអាចទប់ឈ្នះព្យុះកំហឹងបានទេ។ 

បញ្ហានេះកើតឡើងស្របពេលកូរ៉េខាងត្បូងនិងចិនកំពុងដណ្តើមកម្មសិទ្ធិគ្នាលើគីមឈី និង ឈុតប្រពៃណី ហានបុក។ ហើយក្រោយហេតុការណ៍នេះកើតឡើង ទូរទស្សន៍ SBS បានបាត់បង់ក្រុមហ៊ុនឧបត្ថម្ភសឹងតែទាំងអស់៕

-->
adverise with khmeread