រុស្ស៊ីថាខ្លួនកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងយោធាជាមួយមីយ៉ាន់ម៉ា

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃសុក្រទី ២៦ ខែមីនានេះថាប្រទេសរុស្ស៊ីចង់ពង្រឹងទំនាក់ទំនងយោធាជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចប្រជុំរវាងមន្រ្តីការពារជាតិជាន់ខ្ពស់និងរបបយោធាដែលបានថ្កោលទោសដោយប្រទេសលោកខាងលិចចំពោះការសម្លាប់បាតុករស៊ីវិលរាប់រយនាក់។

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីគឺលោក Alexander Fomin បានជួបប្រជុំគ្នានៅរដ្ឋធានីណៃពិដោកាលពីថ្ងៃសុក្រជាមួយមេដឹកនាំយោធាជាន់ខ្ពស់លោក Min Aung Hlaing ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដែលបង្កឱ្យមានបាតុកម្មទូទាំងប្រទេសជាច្រើនសប្តាហ៍និងការឆ្លើយតបដ៏សាហាវដោយកម្លាំងសន្តិសុខ។

TASS ផ្សាយថា លោក Fomin និយាយថា មីយ៉ាន់ម៉ាគឺជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាននិងជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអាស៊ី អំឡុងដំណើរទស្សនកិច្ចមួយថ្ងៃមុនព្យុហយាត្រាដ៏ធំដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ាដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់យោធា។

នៅក្នុងវីដេអូដែលបានបង្ហាញនៅលើទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី គេមើលឃើញការចាប់ដៃគ្នានិងការទទួលមេដាយ និង ដាវ ពីលោក Min Aung Hlaing នៅក្នុងបន្ទប់ប្រជុំមួយដែលពោរពេញទៅដោយមន្រ្តីយោធាក្នុងឯកសណ្ឋានពណ៌បៃតង៕

-->
adverise with khmeread