កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ចោរលួចម៉ូតូ២នាក់, ទទួលផលចោរកម្មម្នាក់ ដកហូតម៉ូតូ៤១គ្រឿង

បន្ទាយមានជ័យ ៖ ជនសង្ស័យលួចម៉ូតូនិងទទួលផលចោរកម្ម៣នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្ហាញមុខ នាថ្ងៃទី២៦ មីនា ឆ្នាំ២០២១ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ មីនា ពីបទលួចម៉ូតូរបស់បុរសជនជាតិឥណ្ឌូណេស៊ីនិងទទួលផលចោរកម្ម ដោយបានដកហូតបានម៉ូតូចំនួន៤១គ្រឿង។

មន្ត្រីអាវុធហត្ថនិយាយថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ WIL LY (វីល លី) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះ អាសន្នភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាក់ហុងដាឃ្លីក ពណ៌ស-ខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុកនៅមុខហាងលក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១យប់ ថ្ងៃទី២៤ មីនា ឆ្នាំ២០២១។

មន្ត្រីដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាងលក់ដូរ ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងតាមចម្លើយសារភាពពួកគេពេលលួចម៉ូតូបានយកទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្នុងក្រុងប៉ោយប៉ែត។

បន្ទាប់មកកម្លាំងអាវុធហត្ថ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថបានបន្តតាមនីតិវិធី សុំគោលការណ៍ចុះដល់កន្លែងទទួលបញ្ចាំ និងឆែកឆេរឃ្លាំងរបស់ឈ្មោះ ឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ ហើយរកឃើញវត្ថុតាងម៉ូតូចំនួន ៤១គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះជនជាតិឥណ្ឌូនេស៊ី០១គ្រឿងផងដែរ និងម៉ូតូកង់បីចំនួន០៧គ្រឿង ស្លាកលេខម៉ូតូ០២សន្លឹក ស្លាកលេខរថយន្ត០៦សន្លឹក រួមជាមួយសម្ភារ:ជួសជុលម៉ូតូមួយចំនួនធំ។

ក្រោយពីឆែកឆេររួចក៏បានឃាត់ជនទទួលផលចោរកម្មឈ្មោះ ឡាយ សាន និងវត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread