ប្រើកាំភ្លើងច្នៃដើរបរ​បាញ់សត្វមិនខ្វល់ពីរឿងកូវីដអី្វបន្តិចសោះ, ត្រូវប៉ូលិសឃាត់ខ្លួន៤​នាក់បញ្ជូនទៅតុលាការ

បាត់ដំបង ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសបង្ហាញមុខនាថ្ងៃទី២៦ មីនា ឆ្នាំ២០២១ បន្ទាប់ពីបានបង្ក្រាបក្នុងករណី​កែច្នៃ​តម្លើង​ ជួសជុល​ កាន់កាប់​ និង​ចែកចាយ​ ​អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ កាលពី​ថ្ងៃទី​២៥​ ខែ​មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​៥និង៣២​នាទីល្ងាច​ នៅ​ចំ​ណុច​ក្រុមទី​១៤​ ភូមិ​អូរ​តាញា​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង។

ប៉ូលិសនិយាយថា ​តាម​ការ​ណែនាំ​ពីលោក​ ស្នងការ​ ប៉ូលិសខេត្តបាត់ដំបង​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ លោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយប៉ូលិសការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​​​​ប៉ូលិស​ស្រុក​បាណ​ន់​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ កែច្នៃ​តម្លើង​ ជួសជុល​ កាន់កាប់​ និង​ចែកចាយ​ អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ ដោយ​នាំខ្លួន​ជនសង្ស័យ​៤​ នាក់​។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​, ២-ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​, ៣-ឈ្មោះ​ ឈឿង​ សុភ័ក្រ្ត ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ និង៤-ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ០៤​ នាក់​ខាងលើ​មានទីលំនៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​។ 

វត្ថុតាង​ដកហូត​រួម​មាន​  កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​កង់ចំនួន​ ០៥​ដើម​ ,ដង​ឈើ​កែច្នៃ​ធ្វើស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដើម​,​ កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដើម​, ពូថៅ​ ចំនួន​ ០១​, គ្រាប់​ កង់(បាដាង)​ចំនួន​ ០២​ កំប៉ុង​, ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​, កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​, អាវ​ប៉ារ៉ា​ ដៃវៃង​ ចំនួន​ ០១​ និងម៉ូតូ​ចំនួន​ ០៣​ គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សា​ន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ «ខ្លួន​បាន​​កែច្នៃ​តម្លើង​ (​ អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដើម​ កន្លង​មក​ហើយ​ ហើយ​ក៏បាន​លក់​ទៅ​ឱ្យ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដើម​ផង​ដែរ​។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដើរបរបាញ់សត្វនៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដ​អ្វីបន្តិចសោះ​ ហើយសកម្មភាពខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង»។

បច្ចុប្បន្នប៉ូលិស​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​កសា​ង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


 

-->
adverise with khmeread