លោកយាយអាយុ៧២ឆ្នាំទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី៩

ភ្នំពេញ ៖ លោកយាយអាយុ៧២ឆ្នាំបានទទួលមរណភាព នារសៀលថ្ងៃទី២៧មីនានេះ ដោយសារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាករណីទី៩ បន្ទាប់ពីមនុស្សប្រុសស្រីជនជាតិខ្មែរ-ចិនបានបាត់បង់ជីវិតដោយសារជំងឺដូចគ្នាខាងលើ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាលចេញផ្សាយ នាវេលាម៉ោង៧និង៥១ នាទីយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានដឹងថា «ស្ត្រីជនជាតិខ្មែរអាយុ ៧២ ឆ្នាំ (ឈ្មោះហ៊ូ ហូយ ) ដែលរស់នៅសង្កាត់-ខណ្ឌឫស្សីកែវ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៨ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង៤៥នាទីរសៀល»។

ប្រភពដដែលបន្តថា លោកយាយនេះបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧ និង៥៦នាទីព្រឹក ហើយត្រូវបានយកសំណាកនៅមន្ទីរពេទ្យកាល់ម៉ែតដោយលទ្ធផលវត្ថុសំណាករបស់គាត់ដែលចេញដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា «វិជ្ជមានវីរុស Covid-19»។

 បន្ទាប់មកអ្នកជំងឺនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ម៉ោង១១ និង២៦នាទីថ្ងៃត្រង់ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ​អ្នកជម្ងឺបានបាត់បង់ជីវិតនៅវេលាម៉ោង១ និង៤៥នាទីរសៀលទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេសរួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា លោកយាយជនជាតិខ្មែរអាយុ៧២ ឆ្នាំខាងលើនេះបានបាត់បង់ជីវិត មកពីការវ៉ៃយលុករបស់វីរុសកូវីដ-១៩ ធ្វើឱ្យមានវិបត្ដិផ្លូវដង្ហើមស្រួចស្រាវ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ នៅព្រះរាជាណាចក្រកម្ពុជា មានអ្នកឆ្លងសរុប២១៤៧នាក់, អ្នកជាសះស្បើយ១១៣២នាក់, អ្នកកំពុងព្យាបាល១០០៥នាក់និងអ្នកស្លាប់៩នាក់។

គួររំលឹកថា មានជនជាតិខ្មែរ-និងចិនដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៨នាក់នាពេលកន្លងមកគឺ ៖ ទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២-ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះងឿន សុថានី វ័យ៦២ឆ្នាំ (ភរិយាតារាចម្រៀងហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។

ទី៣-បុរសឈ្មោះគីម យីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៤-លោកវេជ្ជបណ្ឌិត ស្តើង ជា ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ​ជាវេជ្ជបណ្ឌិតចូលនិវត្តន៍និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៥-ម្តាយបង្កើតតារាកំប្លែងស្រី ពីន ក្រុមកំប្លែងនាយក្រឹមឈ្មោះអ៉ិន ម៉ាធីតា អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាអ្នកជំងឺកូវីដ-១៩ ។

ទី៦-បុរសឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែងសេងចិន្តា(ហៅក្អីត) ហើយបានបាត់បង់ជីវិតនាថ្ងៃទី២៥ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៧-បុរសឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស អាយុ៤៣ឆ្នាំជាបុគ្គលិកកាស៊ីណូនៅស្រុកកោះធំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។រកឃើញមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។ លុះដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០២១ទើបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ហើយក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយហើយបានបាត់បង់ជីវិត នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២១។

ទី៨-បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ (ឈ្មោះ ថន ចាន់ធឿន ជាមន្ត្រីប៉ូលិស) មានអាសយដ្ឋាននៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់បង់ជីវិតដោយសារCovid-19 នាថ្ងៃទី២៥ខែមីនាឆ្នាំ ២០២១ វេលាម៉ោង៤រសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

-->
adverise with khmeread