លោកយាយអាយុ៧៦ឆ្នាំទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី១០

ភ្នំពេញ ៖ លោកយាយអាយុ៧៦ឆ្នាំបានទទួលមរណភាព នារសៀលថ្ងៃទី២៧មីនានេះ ដោយសារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាករណីទី១០ បន្ទាប់ពីមនុស្សប្រុសស្រីជនជាតិខ្មែរ-ចិនបានបាត់បង់ជីវិតដោយសារជំងឺដូចគ្នាខាងលើ ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាលចេញផ្សាយ នាវេលាម៉ោង១២និង២០នាទីយប់អធ្រាត្រ ថ្ងៃទី២៨ មីនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា លោកយាយជនជាតិខ្មែរ អាយុ៧៦ ឆ្នាំ ដែលរស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានបាត់បង់ជីវិតទៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧ និង២៥នាទីយប់។ ស្ត្រីខាងលើនេះត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ រហូតដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ អ្នកជំងឺមានសភាពហត់ខ្លាំងដែលតម្រូវឱ្យមន្ទីរពេទ្យព្រៃវែងបញ្ជូនបន្តមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ព្យាបាលរហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះអ្នកជំងឺបាន តែការខិតខំនោះនៅតែមិនអាចជួយបាន ហើយគាត់បានទទួលមរណកាលនៅវេលាម៉ោង៧និង២៥នាទីយប់។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា លោកយាយជនជាតិខ្មែរ អាយុ៧៦ឆ្នាំ ខាងលើបានបាត់បង់ជីវិតដោយសារវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាល និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ នៅព្រះរាជាណាចក្រកម្ពុជា មានអ្នកឆ្លងសរុប២១៤៧នាក់, អ្នកជាសះស្បើយ១១៣២នាក់, អ្នកកំពុងព្យាបាល១០០៥នាក់និងអ្នកស្លាប់៩នាក់។

គួររំលឹកថា មានជនជាតិខ្មែរ-និងចិនដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៩នាក់នាពេលកន្លងមកគឺ ៖ 

ទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២-ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ងឿន សុថានី វ័យ៦២ឆ្នាំ (ភរិយាតារាចម្រៀងហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១។

ទី៣-បុរសឈ្មោះគីម យីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៤-លោកវេជ្ជបណ្ឌិត ស្តើង ជា ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៥-ម្តាយបង្កើតតារាកំប្លែងស្រី ពីន ក្រុមកំប្លែងនាយក្រឹមឈ្មោះអ៉ិន ម៉ាធីតា អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៦-បុរសឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែងសេងចិន្តា (ហៅក្អីត) ហើយបានបាត់បង់ជីវិតនាថ្ងៃទី២៥ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ទី៧-បុរសឈ្មោះWu Jiannan ជនជាតិចិន ភេទប្រុស អាយុ៤៣ឆ្នាំជាបុគ្គលិកកាស៊ីណូនៅស្រុកកោះធំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ រកឃើញមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។ លុះដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០២១ ទើបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ ហើយបានបាត់បង់ជីវិត នៅថ្ងៃទី២៥មីនាឆ្នាំ២០២១។

ទី៨-បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ(ឈ្មោះ ថន ចាន់ធឿន ជាមន្ត្រីប៉ូលិស)មានអាសយដ្ឋាននៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់បង់ជីវិតដោយសារCovid-19 នាថ្ងៃទី២៥ខែមីនាឆ្នាំ ២០២១ វេលាម៉ោង៤រសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ទី៩-លោកយាយជនជាតិខ្មែរអាយុ ៧២ ឆ្នាំ(ឈ្មោះហ៊ូ ហូយ )ដែលរស់នៅសង្កាត់-ខណ្ឌឫស្សីកែវ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៨ នាថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទីរសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

-->
adverise with khmeread