ឃាត់បុរសម្នាក់ប្រើកាំបិតប៉័ងតោកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ក្នុងករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតប៉័ងតោកាប់របួសធ្ងន់ កើតឡើងនៅផ្ទះជួល ភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០២១ ម៉ោង១០ និង ៣០នាទីកន្លងទៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងហាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងយូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញ-លក់អេតចាយ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកលើអង្រឹងស្រាប់តែជនសង្ស័យមកខ្ចីទូរស័ព្ទទាក់ទងទៅប្រពន្ធ ហើយជនរងគ្រោះឆ្លើយថា «ទូរស័ព្ទគ្មានលុយទេ!» ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំកែងដៃខាងឆ្វេង និងក្បាលរងរបួសធ្ងន់ រួចជនសង្ស័យបោះកាំបិតប៉័ងតោចោលនៅកន្លែងកើតហេតុរួចគេចខ្លួន។ 

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លុះដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

-->
adverise with khmeread