នៅសុខៗដុតបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាត្រូវបានសមត្ថកិច្ចវ៉ៃខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន នាថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ដោយដុតស្លាកគណបក្សប្រជាជនកម្ពុជាចំនួន២ករណីផ្សេងគ្នានៅថ្ងៃតែមួយ។

សមត្ថកិច្ចនិយាយថា ដើមបណ្តឹងឈ្មោះ ខៀវ សាវ៉ាន់ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានមន្ទីរគណបក្សខណ្ឌច្បារអំពៅ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ តំណាងគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា ករណីទី១-ជនសង្ស័យឈ្មោះ ឌី ឧត្តម ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២១ ម៉ោង៧យប់ ជនសង្ស័យមានសតិមិនសូវគ្រប់ បានយកសំបកកង់ម៉ូតូចងរុំដំបងឫស្សី ដុតស្លាកគណបក្សប្រជាជនកម្ពុជា នៅមុខដីឡូត៍គ្មានលេខ ផ្លូវជាតិ លេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឆេះរោទ៍ខូចខាតស្លាកគណបក្សប្រជាជនកម្ពុជា។ 

លុះដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទីរសៀល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ករណីទី២-ជនសង្ស័យឈ្មោះ សាន សាមៀន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ វេលាម៉ោង១១ ជនសង្ស័យផឹកស្រាស្រវឹង យកសាំងជះលើស្លាកគណប្រជាជនកម្ពុជា រួចយកដែកកេះដុតបណ្តាលឱ្យឆេះខូចខាតស្លាកគណបក្ស នៅមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ 

រហូតដល់ម៉ោង៦ល្ងាច ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកអធិការដ្ឋាន ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕

-->
adverise with khmeread