អ្នកបច្ចេកទេសយន្តហោះជនជាតិទួរគីម្នាក់ស្លាប់ដោយសារគាំងបេះដូង

ភ្នំពេញ ៖ មានករណីបុរសជនជាតិទួរគី ជាអ្នកបច្ចេកទេសយន្តហោះ បានស្លាប់ដោយសារគាំងបេះដូង កើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់លេខ៣០៦ ទីតាំងផ្ទះលេខ៥៥៥K ផ្លូវលេខ៥៩០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសាកសពឈ្មោះ ISFENDIYAROGLU MUSTAFA RAFET ភេទប្រុស ឆ្នាំកំណើត០១ ធ្នូ ឆ្នាំ១៩៥៦ ជនជាតិទួរគី មុខរបរអ្នកបច្ចេកទេសយន្តហោះ កាន់លិខិតឆ្លងដែនលេខU២០៥៧៦០២២ ​ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ថ្នាំដែលជនរងគ្រោះប្រើមានថ្នាំម៉ាក BETALOC និងថ្នាំម៉ាក aspent M (ថ្នាំព្យាបាលជម្ងឺបេះដូង)។

យោងតាមការបំភ្លឺពីឈ្មោះ សាន រៀម ភេទស្រី អាយុ៣៤ឆ្នាំ ជាមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា « ខ្ញុំនិងជនរងគ្រោះធ្លាប់រស់នៅជាមួយគ្នារយៈពេលកន្លងមក តែបានបែកបាក់គ្នាហើយ ដោយជនរងគ្រោះធ្លាប់ប្រាប់ខ្ញុំថាមានជំងឺបេះដូង និងធ្លាប់បានវះកាត់ព្យាបាល។ នៅវេលាម៉ោង១១ ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ មានមនុស្សប្រុសម្នាក់បានទូរស័ព្ទមកប្រាប់ខ្ញុំថា គាត់ជាអ្នកមើលការខុសត្រូវនៅកន្លែងជនរងគ្រោះជួលបន្ទប់ស្នាក់នៅ ហើយជនរងគ្រោះបានឆាតមកគាត់ដើម្បីឱ្យគាត់ទូរស័ព្ទមកប្រាប់ខ្ញុំថា «ចង់ជួបខ្ញុំ»។

នាងបន្តថា ពេលនោះខ្ញុំបានមកដល់កន្លែងជនរងគ្រោះស្នាក់នៅគោះទ្វារស្រែកហៅតែមិនមានសំឡេងតប ខ្ញុំក៏ប្រាប់មកអ្នកមើលការខុសត្រូវបន្ទប់យកកូនសោបន្ទប់សាគួរមកចាក់បើកតែជាប់គន្លឹះសុវត្ថិភាព ក៏បាននាំគ្នាគាស់បាក់គន្លឹះបើកទ្វារបន្ទប់ឃើញជនរងគ្រោះដេកផ្កាប់មុខលើឥដ្ឋការ៉ូ ខ្ញុំក៏បាននាំជនរងគ្រោះមកមន្ទីរពេទ្យព្រះកេតុមាលា,​ ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ហើយ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ជនរងគ្រោះស្លាប់ដោយសារជម្ងឺបេះដូង»។ សពតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

-->
adverise with khmeread