ក្រោយពីបង្ក្រាបបានថ្នាំញៀននៅខេត្តតាកែវ សមត្ថកិច្ចបន្តចាប់ជនសង្ស័យពាក់ព័ន្ធជាបន្តបន្ទាប់នៅភ្នំពេញ

ភ្នំពេញ ៖ យោងតាមចម្លើយសារភាពនិងការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប ភេទស្រី ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តតាកែវ បានសុំពន្លាតដែនសមត្ថកិច្ចមករាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធដោយមានការសម្របសម្រួល ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។ 

លោកវរសេនីយឯក ង៉េត ចាន់ធី មេបញ្ជាការរង អាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨នេះថា សមត្ថកិច្ចចម្រុះបានចាប់ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង២-ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ៣១ឆ្នាំឃាត់នៅចំណុចផ្លូវលេខ១៦៦ ក្បែរផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។

បន្ទាប់មកកម្លាំងជំនាញចម្រុះ បាននាំជនសង្ស័យទាំងពីរនាក់ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវលេខ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង៤ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល។ ដកហូតវត្ថុតាងរួមមាន ថ្នាំគ្រាប់ពណ៌បៃតងខ្ចី (សង្ស័យជា សារធាតុញៀន ចំនួន១៥គ្រាប់), ក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន, ម៉ូតូ០២គ្រឿង និងរថយន្ត ០១គ្រឿង (ម៉ាកBMW ពណ៌ស ស្លាកលេខ ខ.ភ.ម ០២:៤៧៥០) រួមជាមួយ ឧបករណ៍ប្រើប្រាស់និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

សូមរំលឹកថា បន្ទាប់ពីបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រីឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ 

លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះចែម គីមស្រ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ។ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) បានចំនួន០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើ បានសារភាពថា «ខ្លួនបានបញ្ជាទិញគ្រឿងញៀនពីនារីម្នាក់នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ» ។

ដោយបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជារួម ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស កម្លាំងអាវុធហត្ថខេត្តតាកែវចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះហេង ច្រឹប ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ដកហូតថ្នាំញៀន ក្រាមពណ៌សថ្លា(ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល ៥០០ក្រាម និងបន្តទៅឆែកឆេរផ្ទះជួល រកឃើញថ្នាំញៀន ក្រាមពណ៌សថ្លា(ICE) ចំនួន០៥ដុំធំ ទម្ងន់ប្រហែល ៥គីឡូក្រាម និងស្លាកលេខរថយន្តមុខក្រោយ កោះកុង 2A-0435 ,ភ្នំពេញ2A-7793 និងភ្នំពេញ2N-4163 ។

នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យ លទ្ធផលតេស្ត មានចេញពណ៌ត្នោតលឿងទុំ ដូចមានក្នុងគីមីពិសោធន៍ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងអស់រួមជាមួយវត្ថុតាងទៅការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធីបន្ត៕

-->
adverise with khmeread