កូនប្រុសវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងវាយឪពុកខ្លួន ត្រូវប៉ូលិសឃាត់ខ្លួននៅស្រុក​កណ្តាល​ស្ទឹង

កណ្តាល ៖ យុវជនម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បារគូ ឃាត់ខ្លួនក្នុងករណីអំពើហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយឪពុកខ្លួន កើតហេតុថ្ងៃ​ សៅរ៍​ទី២៧ មីនា ឆ្នាំ២០២១ វេលាម៉ោង​៧ និង២៥នាទីយប់ នៅចំណុចភូមិ​​ វាល​កណ្តោល​ ឃុំ​បារគូ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ​ បូ​ ប៊ន​ ភេទ​ប្រុស​​ អាយុ​៤២ឆ្នាំ រស់នៅភូមិ​ វាល​កណ្តោល​ ឃុំ​បារគូ​ ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ​ ជាឪពុក​។ ចំណែកជនសង្ស័យឈ្មោះ​ ប៊ន​ វីឡា​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ រស់នៅភូមិ​ វាល​កណ្តោល​ ឃុំ​​បារគូ​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​មិន​ពិត​ប្រាកដ ​(ឃាត់​ខ្លួន​)។ វត្ថុតាងចាប់យករួមមាន ឈើជ្រុងចំនួន​០២​ និងច្រវាក់​មួយខ្សែ​ប្រវែង​ ១២៨សង់ទីម៉ែត្រ​។

ប៉ូលិសបន្តថា កន្លងមកជនសង្ស័យធ្លាប់តែងតែផឹកស្រាស្រវឹង​ និង​ ជក់​គ្រឿងញៀន​រករឿង​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​ក្នុង​ផ្ទះ​មកជា​ច្រើន​លើកច្រើនសារ។ លុះនៅថ្ងៃទីខែ​ឆ្នាំ​វេលាម៉ោង​មុ​ន​ពេល​កើតហេតុ​ ជនសង្ស័យ​បានផឹក​ស្រាបៀរ​ជាមួយ​ក្រុមគ្រួសារ​ និង​មិត្ត​ភក្តិនៅ​មុខ​ផ្ទះ​, ឃើញ​ដូច​នោះ​ជនរងគ្រោះ​បានមក​អង្គុយ​ផឹក​អស់​ស្រាបៀរ​ចំនួន​២​កំប៉ុង​ហើយ​ក៏​សំរាក​លើ​ អង្រឹង​ក្រោម​ដើម​ក្រខុបមុខផ្ទះ​។

លុះដល់​ម៉ោង​កើត​ហេតុ​ជនសង្ស័យ​បានស្រែក​ឡូឡា​រករឿង​ជនរងគ្រោះ​ រួចក៏យកឈើជ្រុង​ប្រវែង​មួយ​ម៉ែត្រ​ស្ទុះមកវាយម៉ូតូរបស់​ជនរងគ្រោះ​ម៉ាក​ហុង​ដា​ គុបជ្រុង​ សេ៩០ បណ្តាលឱ្យ​បែក​ ហើយបានលើក​ទូរទស្សន៍​បោកទៅលើ​ដី​បណ្តាលឱ្យ​បែក​ និង​បានយក​កង្ហា​បោកចោលទៀត​។

បន្ទាប់​មក​ជនសង្ស័យ​បាន​យកច្រវាក់ប្រវែងមួយ​ម៉ែត្រ​មក​គ្រវី​គ្រវាត់ ហើយស្រែក​ឡូឡា​ ឃើញដូចនោះ​ជនរងគ្រោះ​បាន​តេ​ទូរសព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​បារគូ​។ ពេលទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ូលិសប៉ុស្តិ៍​បានចុះទៅដល់​កន្លែង​កើតហេតុ​ ​រួចក៏​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនីតិវិធី៕


 

-->
adverise with khmeread