ប្រឹងជិត២សប្តាហ៍ នាវាយក្សដែលជាប់កឿងនៅព្រែកជីកស៊ុយអេ ទើបកម្រើកពីឆ្វេងទៅស្តាំបាន ៣០ ដឺក្រេ

នាវាដឹកកុងតឺន័រដ៏ធំមួយនៅតែបន្តជាប់គាំងនៅព្រែកជីកស៊ុយអេរបស់អេហ្ស៊ីបបន្ទាប់ពីការប៉ុនប៉ងទាញវាចេញពីការកឿងកាលពីជំនោរខ្ពស់ថ្ងៃសៅរ៍បានបរាជ័យ។

ទោះយ៉ាងណា មន្ត្រីព្រែកជីកនិយាយថាក៏មានវឌ្ឍនភាពមួយចំនួនដែរ ហើយទូកសណ្តោងជាច្រើនទៀតបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃអាទិត្យ។

ការរៀបចំជម្រើសជំនួសជាច្រើនកំពុងដាក់នៅនឹងកន្លែងក្នុងករណីដែលប្រតិបត្តិការបរាជ័យ។

ប្រធានាធិបតីអេហ្ស៊ីប Abdul Fattah al-Sisi បានបញ្ជាឱ្យត្រៀមលក្ខណៈដើម្បីដកកុងតឺន័រចេញដើម្បីសម្រាលទម្ងន់របស់នាវាដែលជាប់កឿង។

នោះអាចពាក់ព័ន្ធនឹងការផ្ទេរកុងតឺន័រមួយចំនួនទៅកប៉ាល់ផ្សេងឬទៅច្រាំងព្រែកជីកតែម្តង។ អ្នកជំនាញបានប្រាប់ BBC មុននេះថាប្រតិបត្តិការបែបនេះនឹងពាក់ព័ន្ធនឹងការនាំយកឧបករណ៍ជំនាញរួមទាំងឧបករណ៍ស្ទូច ដែលដែលមានកម្ពស់ជាង ៦០ ម៉ែត្រនិងអាចចំណាយពេលរាប់សប្តាហ៍។

ព្រែកជីកស៊ុយអេគឺជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ហើយនាវា Ever Given ដែលជាផ្នែកមួយនៃកងនាវាដឹកកុងតឺន័រ Evergreen បានកឿងក្នុងព្រែកជីកនេះតាំងពីថ្ងៃអង្គារទី១៦មីនា។

កប៉ាល់ជាង ៣០០ គ្រឿងបានជាប់គាំងនៅទាំងសងខាងព្រែក ហើយកប៉ាល់ខ្លះត្រូវធ្វើដំណើរជុំវិញតំបន់ចុងទ្វីបអាហ្វ្រិក។

កាលពីថ្ងៃសៅរ៍ ទូកសណ្តោង ១៤ គ្រឿងបានព្យាយាមរុញនិងទាញនាវា Ever Given នៅពេលមានជំនោរខ្ពស់ដើម្បីព្យាយាមទាញវាចេញពីការជាប់កឿង។ ហើយនៅគ្រាដូចគ្នានោះ កប៉ាល់បូមខ្សាច់បានព្យាយាមបូមខ្សាច់និងភក់ចេញរាប់តោន ពីក្រោមនាវា។ 

ឧត្តមសេនីយ៍ Osama Rabie ជាប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) និយាយថា ទោះបីជំនោរខ្ពស់និងខ្យល់ខ្លាំងធ្វើឱ្យស្មុគ្រស្មាញដល់ការជួយសង្គ្រោះក្តី ក៏ប៉ុន្តែទូកសណ្តោងអាចរំកិលនាវាចេញបាន ៣០ ដឺក្រេពីឆ្វេងទៅស្តាំដែរ។ 

វីដេអូបង្ហោះលើ Twitter បានបង្ហាញទូកសណ្តោងជាច្រើនចុចស៊ីផ្លេអបអរជ័យជម្នះដ៏តូចមួយនេះ៕ 

-->
adverise with khmeread