ក្រសួងអប់រំ ហាមឃាត់អង្គភាពចំណុះសហការជាមួយក្រុមហ៊ុនថ្នាំជក់

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្តីណែនាំហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការរវាងឧស្សាហករថ្នាំជក់ជាមួយ​នឹងអង្គភាព​ចំណុះក្រសួង មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្ត ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈនិងឯកជន។

យោងតាមខ្លឹមសារគោលនៃសេចក្តីណែនាំនេះគឺហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចាប់ដៃគូសហការជាមួយឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍ សកម្ម​ភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬ សិក្សាស្រាវ ជ្រាវ។ ការផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់ ក៏ត្រូវបានហាមឃាត់។

សេចក្តីណែនាំនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និង ឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សាបានដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់​ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កឱ្យញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំង​ភាពក្រីក្រ។

ក្រសួងក៏ដាក់​ចេញសេចក្តីណែនាំនេះដោយសង្កេត​ឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពី​ឧស្សា​ហករថ្នាំជក់ដែលបណ្តាលឱ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។

តាមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន​និងជាទម្រង់មួយនៃ​ការស្វែងរកទីផ្សារ។ សេចក្តីណែ​នាំនេះគឺជាការចូលរួមរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងការ​អនុវត្ត​វិធានការ​ហាមឃាត់​ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែល​ត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ទំនួលខុសត្រូវសង្គមដើម្បី «បង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធិសម្រេច បង្កើតឥទ្ធិពលក្នុង​ការរៀបចំគោលនយោបាយ ​និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់កម្មវិធីជួយសង្គម ដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និង រារាំងការអនុវត្តគោលនយោបាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព»។

ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងខាងលើរបស់ក្រសួងថា «សេចក្តីណែនាំនេះមានសារៈសំខាន់ណាស់​ សម្រាប់កម្ពុជាដែលជា​រដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឱ្យមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែង​លើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់​ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥០០០ នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ៦៤៩លានដុល្លារសហរដ្ឋ ត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕

-->
adverise with khmeread
PR