ឃោរឃៅពេកហើយ! ទាហានបាញ់រះលើពិធីបុណ្យសព បណ្តាលឱ្យស្លាប់និងរបួសជាច្រើននាក់នៅមីយ៉ាន់ម៉ា

ក្រុមសាក្សីបាននិយាយថាកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារនៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃអាទិត្យ ខណៈដែលប្រជាជននៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នាកាន់ទុក្ខមនុស្ស ១១៤ នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងការបង្ក្រាបដ៏អាក្រក់បំផុតលើការតវ៉ាចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន។

មនុស្ស ៣ នាក់នៅទីក្រុងបាហ្គោបានប្រាប់រ៉យទ័រថា ក្រុមអ្នកកាន់ទុក្ខបានរត់គេចពីការបាញ់ប្រហារនៅឯកន្លែងបុណ្យសពមួយសម្រាប់សិស្សឈ្មោះ Thae Maung Maung អាយុ ២០ ឆ្នាំនៅទីក្រុងបាហ្គោក្បែរទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គោន។

ស្ត្រីម្នាក់ឈ្មោះ Aye ដែលបម្រើការនៅកន្លែងបុណ្យសពនោះបាននិយាយថា "ខណៈពេលដែលយើងកំពុងច្រៀងចម្រៀងបដិវត្តន៍សម្រាប់គាត់ កងកម្លាំងសន្តិសុខស្រាប់តែមកដល់ហើយបាញ់រះមកលើពួកយើងតែម្តង។ ប្រជាជនរួមទាំងពួកយើងបានរត់ចេញនៅពេលពួកគេបានបើកការបាញ់ប្រហារ"។

យោងតាមប្រភពព័ត៌មានក្នុងស្រុក មនុស្ស ៩ នាក់បានស្លាប់និងរាប់សិបនាក់រងរបួសក្នុងការបាញ់រះនេះ។

មនុស្ស១២នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុផ្សេងគ្នានៅប្រទេសមីយ៉ាន់ម៉ា ដោយក្រុមជំនួយសម្រាប់ក្រុមអ្នកតស៊ូមតិនយោបាយកាលពីថ្ងៃអាទិត្យ ដែលបានបូកសរុបចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈគឺ ៤៥៩ នាក់។

សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាអ្នកភូមិរាប់ពាន់នាក់នៅតំបន់ព្រំដែនបានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាទៅលើកងជីវពលជនជាតិភាគតិចការ៉ែន ដែលបានបង្កើនការវាយប្រហារចាប់តាំងពីរដ្ឋប្រហារ៕

 
 

-->
adverise with khmeread