បុរសម្នាក់ស្រវឹងបើករថយន្តបុករះម៉ូតូ២គ្រឿងស្លាប់២នាក់និងរបួស២នាក់

ភ្នំពេញ ៖ បុរស២នាក់បានបាត់បង់ជីវិតនិងបុរស២នាក់ទៀតរងរបួស ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបើកមកបុករះជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបចំការដូង (ហៅស្តុបផ្សារថ្នល់បត់) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ស៊ីម វ៉ុល អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ (ស្លាប់), ទី២-ឈ្មោះ យ៉ង់ ឃី អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅស្រុកដូចខាងលើ អ្នកទាំង២ជិះម៉ូតូម៉ាក AIR BLADE ពណ៌ក្រហមលាយខ្មៅ ត្រូវរថយន្តបុកចំពីក្រោយ ដាច់ស្លាកលេខបាត់ (ស្លាប់)។ 

ចំណែកអ្នករងរបួសធ្ងន់ស្រាល២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1J-6737។ ឯរថយន្តបង្ក ម៉ាកហាយឡែនឌ័រ  ពណ៌ខៀវ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះហ៊ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិជើងឯក សង្កាត់-ខណ្ឌដង្កោ ត្រូវប៉ូលិសឃាត់ខ្លួន។

ប្រភពពីសមត្ថកិច្ចបន្តថា ដំបូងគេឃើញរថយន្តបង្កបើកតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន, ខណៈមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកអ៊ែរប្លែតពីក្រោយអូសជាង២០ម៉ែត្រ រួចបន្តបុកម៉ូតូហុងដាឌ្រីម កំពុងឈប់រង់ចាំស្តុបបណ្ដាលឱ្យមានអ្នកស្លាប់២នាក់ និងរងរបួស២នាក់បែបនេះតែម្ដង។

 ភ្លាមៗគេឃើញ អ្នកបើករថយន្តបង្ក មានប្រុសម្នាក់និងស្រីម្នាក់ បានចុះមកស្រវឹងស្រាដើរទ្រេតទ្រោត ដើរទៅសំពះគេគ្រប់ៗគ្នា រហូតសមត្ថកិច្ចបានមកដល់ក៏ឃាត់យកទៅប៉ុស្តិ៍ ដើម្បីបញ្ជូនបន្តទៅឱ្យប៉ូលិសជំនាញចាត់ការបន្ត ។ 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក នៅចរាចរណ៍រាជធានីភ្នំពេញ។ ចំណែកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread