ឆក់កាបូបលុយបានសម្រេចហើយ, តែរត់មិនបានសម្រេច ត្រូវប៉ូលិសវ៉ៃខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញខណ្ឌឫស្សីកែវនិងប៉ុស្តិ៍ទួលសង្កែ១ បានសហការចុះបង្រា្កបឃាត់ខ្លួនជាក់សែ្តងករណីឆក់កាបូបដាក់ប្រាក់ពីស្ត្រីម្នាក់ នៅចំណុចផ្លូវលេខ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មៀក ចាន់នឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 51H ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្នុងកាបូបមានលុយ៦០ដុល្លារនិងទូរស័ព្ទដៃ២គ្រឿង។

ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សៀង សុខទូច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន និង២- ឈ្មោះ រិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន។ 

សម្ភារដកហូត ១ -ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1IQ-4372 ជារបស់ជនសង្ស័យ, ២-កាបូបដាក់ប្រាក់១មានប្រាក់៦០ដុល្លារ របស់ជនរងគ្រោះ និង៣-ទូរស័ព្ទចំនួន២គ្រឿង (ម៉ាកOPPO Reno 4 និងម៉ាកiPhoneX របស់ជនរងគ្រោះ។

ប៉ូលិសបន្តថា ជនសង្ស័យ២នាក់បានជិះម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ សា្លកលេខភំ្នពេញ 1IQ-4372 មកពីក្រោយ នៅពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយមានកាបូបស្ពាយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ពីត្បូងទៅជើង។

លុះមកដល់កន្លែងកើតហេតុខាងលើជនសង្ស័យបាន ធ្វើសកម្មភាពឆក់កាបូបដាក់ប្រាក់ជនរងគ្រោះស្រែកចោរៗ ពេលនោះកម្លាំងល្បាតជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ២នាក់យកមកប៉ុស្តិ៍ទួលសងែ្ក១ ដើម្បីសាកសួរបន្ត។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread