យកដុំថ្មគប់ក្បាលធ្វើឱ្យមនុស្សស្លាប់, សមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ តែពួកគេប្រកែកថា «មិនពាក់ព័ន្ធ»

កណ្តាល ៖ មានករណីប្រើហិង្សាយកដុំថ្មគប់ក្បាលធ្វើឱ្យមនុស្សស្លាប់ បង្កការភ្ញាក់ផ្អើល នាថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦ និង១០នាទីព្រលប់ នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ តែពួកគេប្រកែកថា «មិនពាក់ព័ន្ធ»។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ៤នាក់រួមមាន ១-ឈ្មោះ ធូ ភីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ (ស្លាប់), ២-ឈ្មោះ ធា ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ, ៣-ឈ្មោះ ឈុន មេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ និង៤-ឈ្មោះ នេត ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។

ចំណែកជនសង្ស័យមានគ្នា០៣នាក់ប្រុស មិនទាន់កំណត់អត្តសញ្ញាណបាន ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ មិនស្គាល់ស៊េរី មិនចាំស្លាកលេខ បើករត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២១ វេលាម៉ោង៦ និង១០នាទីព្រលប់នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូមួយគ្រឿងឌុបគ្នា៤នាក់ចេញពីផ្ទះ នៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣២-៣៣ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ស្រាប់តែមានមនុស្ស០៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយ១គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ​មិនស្គាល់ស្លាកលេខបានជិះពីក្រោយយកដុំថ្មវាយឈ្មោះ ធូ ភីណា ភេទប្រុស ពីក្រោយចំក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូសន្លប់រងរបួសធ្ងន់ និងបាត់មាត់បាត់ក។ ភ្លាមនោះមិត្តភក្ដិដែលជិះមូតូជាមួយបានយកមកមណ្ឌលសុខភាព ឃុំបន្ទាយដែក ក៏បាត់បង់ជីវិត។

បន្ទាប់មកបងប្អូនជនរងគ្រោះបានរាយការណ៍មកប៉ុស្តិ៍បន្ទាយដែក ក្រោយទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍បន្ទាយដែក បានសហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវសាកសួរព័ត៌មានពីមិត្តភក្ដិជនរងគ្រោះដើម្បីកំណត់មុខសញ្ញា។

ក្រោយពីទទួលបានភិនភាគជនសង្ស័យ កម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងល្បាតរកមុខសញ្ញាក៏ប្រទះឃើញមនុស្សប្រុសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CW.9501 មានកាន់ដំបងដែកទីប កាំបិតប៉័ងតោ និងកណ្ដៀវនៅនឹងដៃ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់រួមមាន ១-ឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ និង២-ឈ្មោះ ខាន់ចាន់ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាត់ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកឈ្មោះ ឆ្អឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រត់គេចខ្លួន)។ 

ដោយមានការសង្ស័យពាក់ព័ន្ធជាមួយករណីខាងលើ កម្លាំងសមត្ថកិច្ចបានយកអ្នកទាំងពីរខាងលើរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចអ្នកទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា «ពួកខ្លួនមិនមានការពាក់ព័ន្ធនឹងករណីខាងលើនោះទេ»។ 

ប៉ុន្តែឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស និងឈ្មោះខាន់ចាន់ សីហា ភេទប្រុសបានឆ្លើយសារភាពថា ចំពោះវត្ថុតាង បំពង់ដែកទីប កាំបិតប៉័ងតោ និងកណ្ដៀវដែលពួកខ្លួនយកមកតាមគឺយកមកដើម្បីរកវាយមនុស្សមួយក្រុមដែលចង់វាយមិត្តភក្ដិរបស់ខ្លួនដែលមាន ​ទី១-ឈ្មោះ អ៊ិន ថាវី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី២.ឈ្មោះ អ៊ិន ថុន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ និងទី៣.ឈ្មោះ មុក បញ្ញា ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ អ្នកទាំងបីមានទីលំនៅភូមិជ័យឧត្ដម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

បន្ទាប់មកកម្លាំងសមត្ថកិច្ចហៅអ្នកទាំង៣នាក់ខាងលើមកសាកសួរនាំ នៅអធិការដ្ឋានស្រុកកៀនស្វាយ។ ក្រោយសមត្ថកិច្ចសួរនាំអ្នកទាំងបីនាក់បានឆ្លើយសារភាពថា «ពួកខ្លួនមិនមានការពាក់ព័ន្ធនឹងករណីខាងលើនោះទេ»។

ចំពោះអ្នកទាំង៥នាក់ខាងលើប៉ូលិសបានសុំគោលការណ៍មេ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីនេះបន្តទៀតដើម្បីរកមុខសញ្ញាប្រព្រឹត្តបទល្មើសកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread