របាយការណ៍រួមរបស់ WHO-ចិន អះអាងថា វីរុសកូរ៉ូណាទំនងលោតពីសត្វមកមនុស្ស

យោងតាមសេចក្តីព្រាងមួយ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press បានឱ្យដឹងថា ការសិក្សារួមគ្នាមួយរវាង WHO និងចិនទៅលើប្រភពដើមរបស់កូវីដ១៩ បានឱ្យដឹងថា ការចម្លងមេរោគពីសត្វប្រចៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត គឺជាសេណារីយ៉ូដែលទំនងបំផុត ហើយដូច្នេះការលេចធ្លាយមេរោគកូរ៉ូណាចេញពីមន្ទីរពិសោធន៍គឺមិនទំនងទេ។

ការរកឃើញនេះភាគច្រើនដូចការរំពឹងទុក និងបន្សល់នូវសំណួរជាច្រើនដែលមិនមានចម្លើយ។ ក្រុមការងារបានស្នើការស្រាវជ្រាវបន្ថែមទៀតនៅគ្រប់ផ្នែកទាំងអស់លើកលែងតែសម្មតិកម្មអំពីការលេចធ្លាយមេរោគពីមន្ទីរពិសោធន៍។

ការបញ្ចេញរបាយការណ៍នេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដែលធ្វើឱ្យមានសំណួរថាតើភាគីចិនកំពុងព្យាយាមធ្វើសេចក្តីសន្និដ្ឋាន ដើម្បីការពារការស្តីបន្ទោសចំពោះការរីករាលដាលនៃជំងឺរាតត្បាតមកលើប្រទេសចិនឬយ៉ាងណា។

មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់បាននិយាយកាលពីចុងសប្តាហ៍មុនថា លោករំពឹងថា របាយការណ៍នេះត្រៀមរួចរាល់សម្រាប់ចេញផ្សាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

AP បានទទួលនូវអ្វីដែលហាក់ដូចជារបាយការណ៍ចុងក្រោយជិតមកដល់ហើយនៅថ្ងៃចន្ទពីអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវពីប្រទេសសមាជិកអង្គការសុខភាពពិភពលោក។ គេមិនច្បាស់ទេថាតើរបាយការណ៍នេះនៅតែអាចកែប្រែមុនពេលចេញផ្សាយឬយ៉ាងណា។

អ្នកការទូតរូបនេះមិនចង់បង្ហាញអត្តសញ្ញាណទេ ពីព្រោះរបាយការណ៍មិនត្រូវបានអនុញ្ញាតឱ្យចេញផ្សាយមុនការផ្សាយជាសាធារណៈ។

អ្នកស្រាវជ្រាវបានចុះបញ្ជីសេណារីយ៉ូចំនួនបួនតាមលំដាប់លំដោយ។ ពួកគេក៏បានសន្និដ្ឋានថា ការចម្លងមេរោគតាមរយៈសត្វទីពីរគឺទំនងផងដែរ៕

-->
adverise with khmeread