ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងបានលុង

រតនគិរី ៖​ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង៣០នាទីរសៀល ដោយឃាត់ជនសង្ស័យ២នាក់។

សមត្ថកិច្ចនិយាយថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ជុំ វិត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិអូរកន្សែង សង្កាត់បឹង កន្សែង ក្រុងបាលុង ខេត្តរតនគីរី  មុខរបរមិនពិតប្រាកដនិង២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅបច្ចុប្បន្នអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។ 

វត្ថុតាងដកហូតរួមមាន មេតំហ្វេតាមីន (អាយ) ចំនួន០១ថង់ទម្ងន់ ០.៨៧ ក្រាម, ប្រាក់រៀលចំនួន១៥ម៉ឺនរៀល, ទូរសព្ទដៃចំនួន០២គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread