ពួកចោរដឹងម៉េស,ពេលដាច់ភ្លើងគាស់តូបលក់មាសនៅផ្សារតាខ្មៅលួចទ្រព្យសម្បត្តិ

កណ្តាល ៖ តូបរបស់អាជីវករ លក់គ្រឿង អលង្ការ មាសនិងប្លាទីន ក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់- ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានពួកចោរមិនស្គាល់អត្តសញ្ញាណគាស់លួចយកអស់មួយចំនួន ខណៈភ្លើងអគ្គិសនីដាច់ចរន្ត បង្កការភ្ញាក់ផ្អើលនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ៤នាក់រួមមាន ១-ឈ្មោះ ផាន់ ឡា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់មាសក្នុងផ្សារតាខ្មៅចាស់, សម្ភារៈបាត់បង់ មានសមាសធាតុផ្សំសម្រាប់ធ្វើប្លាទីន១កែវជ័រ គិតជាប្រាក់តម្លៃ៧០០ដុល្លារ, ឧបករណ៍សម្រាប់មើលពេជ្រ១ គិតជាប្រាក់តម្លៃ៦០០ដុល្លារ, ត្បូងធម្មជាតិ៦ប្រអប់ តម្លៃ៧ពាន់ដុល្លារ, ទី២-ឈ្មោះ ឡ សុខហេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់មាស, សម្ភារ:បាត់បង់គ្មាន, ទី៣-ឈ្មោះ កុល សុផារី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់មាស សម្ភារ:បាត់បង់គ្មាន និង ទី៤-ឈ្មោះ កុល រតនា ភេទស្រី អាយុ៤២ឆ្នាំ មុនរបរលក់មាស សម្ភារបាត់បង់គ្មាន។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងមួយ ទួណឺវីស១និង ខ្សែលួសមួយដុំតូច។

ប្រភពបន្តថា មុនពេលកើតហេតុវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ 
ជនរងគ្រោះបានរៀបចំបិទតូបលក់មាសរបស់ខ្លួនដូចសព្វដង ហើយបានប្រមូលរបស់មានតម្លៃច្រកថង់យកទៅទុកនៅផ្ទះរៀងៗខ្លួន, តែជនរងគ្រោះទី១គាត់មានទុករបស់មានតម្លៃមួយចំនួននៅក្នុងតូបរបស់គាត់ ដោយសារតែភ្លេចយកទៅមិនអស់។ ជុំវិញតូបរបស់គាត់មានបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញទាំងអស់ ប៉ុន្តែនៅម៉ោង៧យប់ភ្លើងក្នុងផ្សារបានដាច់ចរន្ត។ 

រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះទាំងអស់មកបើកតូបលក់ដូចរាល់ដង ពេលនោះក៏ឃើញអីវ៉ាន់ក្នុងតូបរប៉ាត់រប៉ាយ និង តូបមានស្នាមគាស់ ទើបឆោឡោទៅប្តឹងដល់ប៉ូលិសក្រុងតាខ្មៅចុះមកត្រួតពិនិត្យតែម្តង៕

-->
adverise with khmeread