ព្រលឹងចុងសក់! អ្នកបើកយន្តហោះរុស្ស៊ីប្រាប់អ្នកដំណើរឱ្យបិទភ្នែកបន់ព្រះ ពេលយន្តហោះខូចស្លាបនៅកន្ទុយ

អ្នកដំណើរនៅលើយន្ដហោះ Boeing-737 មួយគ្រឿងត្រូវបានប្រាប់ឱ្យត្រៀមលក្ខណៈសម្រាប់ការធ្លាក់យន្តហោះ បន្ទាប់ពីយន្ដហោះបានខូចស្លាបនៅកន្ទុយពេលកំពុងហោះលើប្រទេសរុស្ស៊ី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី២៩មីនា។

វីដេអូដែលចែករំលែកដោយអ្នកដំណើរពោរពេញដោយទុក្ខព្រួយបានបង្ហាញការព្រមានពីអ្នកបើកយន្តហោះថា "ត្រៀម! ត្រៀម!" ខណៈគាត់រៀបចំចុះចតជាបន្ទាន់។

វីដេអូដែលថតដោយអ្នកដំណើរឈ្មោះ Mari Almaz បានបង្ហាញអ្នកដំណើរទាំងអស់ឱនក្បាលនិងខ្ទប់ក្បាលពួកគេនៅលើជើងហោះហើរពីទីក្រុងមូស្គូទៅទីក្រុងក្រាស្នូដាកាលពីថ្ងៃអាទិត្យ។

នាងនិយាយថា "ការហោះហើរនេះពិតជាគួរឱ្យខ្លាចណាស់ហើយនាងនឹងមិនអាចបំភ្លេចឈុតឆាកនេះបានឡើយ"។ ឃ្លីបវីដេអូរបស់នាងមានអ្នកចុចមើលជិត ២ លានដងក្នុងពេលតែមួយភ្លែត។

គេអាចមើលឃើញយន្ដហោះកន្ត្រាក់ចុះឡើងៗ ខណៈការប្រកាសតាមឧគ្ឃោសនសព្ទបញ្ជាឱ្យអ្នកដំណើរប្រុងប្រៀបខ្លួន។

នាង Mari និយាយនៅក្នុងវីដេអូបង្ហោះនៅលើបណ្តាញសង្គម Instagram ថា "មុនពេលចុះចតនៅទីក្រុងក្រាស្នូដា យើងត្រូវបានគេប្រាប់ថាយន្ដហោះកំពុងត្រៀមចុះចតជាបន្ទាន់។ ដំបូងយើងគិតថាគ្រាន់តែជាការលេងសើច ប៉ុន្តែក្រោយមក អ្នកបើកបរបានបញ្ជាក់វាសាជាថ្មី បន្ទាប់មកយន្តហោះបានក្រឡឹងជុំវិញទីក្រុងប្រហែល១ម៉ោង។ គ្រប់គ្នាបង្ហាញទឹកមុខភ័យខ្លាច...ក្មេងៗនាំគ្នាយំ អ្នកខ្លះបន់ព្រះ។ វាពិតជាគួរឱ្យខ្លាចណាស់"។

សេវាព័ត៌មានរបស់អាកាសយានដ្ឋានក្រុងក្រាស្នូដាប្រកាសថា "យន្តហោះចុះចតដោយសុវត្ថិភាពនៅម៉ោង ១៨៖១៩ នាទីម៉ោងនៅរដ្ឋធានីមូស្គូ"៕ 

 

-->
adverise with khmeread