មហាសេដ្ឋីផុតលេខរបស់ឆែក ដែលចង់ទិញក្លឹប Chelsea ពីលោក Abramovich ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់នៅរដ្ឋអាឡាស្ការបស់អាមេរិក

អ្នកមានបំផុតរបស់សាធារណរដ្ឋឆែកត្រូវបានសម្លាប់ជាមួយមនុស្ស ៤ នាក់ផ្សេងទៀតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលធ្វើដំណើរជិះស្គីនៅរដ្ឋអាឡាស្កា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៨មីនា។

លោក Petr Kellner អាយុ ៥៦ ឆ្នាំជាមហាសេដ្ឋីហិរញ្ញវត្ថុនិងជាមិត្តរបស់ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich បានទទួលមរណភាពនៅក្បែរតំបន់ Knik Glacier ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុង Anchorage កាលពីថ្ងៃសៅរ៍។

អ្នកផ្សេងទៀតដែលត្រូវបានសម្លាប់គឺឈ្មោះ Benjamin Larochaix អាយុ ៥០ ឆ្នាំមកពីសាធារណរដ្ឋឆែកផងដែរ ឈ្មោះ Gregory Harms អាយុ ៥២ ឆ្នាំមកពីរដ្ឋ Colorado និងមនុស្សមកពីរដ្ឋ Alaska ពីរនាក់គឺឈ្មោះ Sean McMannany អាយុ ៣៨ ឆ្នាំ មកពីទីក្រុង Girdwood និងអ្នកបើកឧទ្ធម្ភាគច្រកឈ្មោះ Zachary Russel អាយុ ៣៣ ឆ្នាំមកពីទីក្រុង Anchorage។

អ្នកទាំង ៥ នាក់ត្រូវបានរកឃើញស្លាប់នៅកន្លែងធ្លាក់តែម្តង ខណៈមនុស្សទី ៦ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុន្តែនឹងនរ។

មហាសេដ្ឋីឆែក ដែលធ្លាប់ចង់ទិញក្លឹប Chelsea រូបនេះបានជួបហេតុការណ៍អាក្រក់នេះពេលគាត់កំពុងទៅលំហែកាយនៅរមណីយដ្ឋាន Tordrillo Mountain Lodge ដែលផ្តល់កញ្ចប់សេវាជិះស្គីដ៏ប្រណីតក្នុងតម្លៃចាប់ពី ១៥.១៥០ ដុល្លារក្នុងម្នាក់។

នាយករដ្ឋមន្ត្រីឆែកបានចូលរួមរំលែកទុក្ខដល់លោក Petr Kellner ដែលជាមហាសេដ្ឋីវិនិយោគដ៏កំពូលរបស់ប្រទេស ដែលមានទ្រព្យសម្បត្តិសុទ្ធ ១៧ ពាន់លានដុល្លារ៕

-->
adverise with khmeread