ឃាត់បុរសម្នាក់ដើរអើតតាមបន្ទប់ជួលប៉ុនប៉ងលួចនៅក្រុងតាខ្មៅ

កណ្តាល ៖ បុរសម្នាក់បានឡើងលើផ្ទះជាន់លើដើរអើតមើលតាមបន្ទប់ជួលបម្រុងធ្វើសកម្មភាពលួច ត្រូវបានម្ចាស់ផ្ទះជួលមើលឃើញតាមកាមេរ៉ាសុវត្ថិភាពឃាត់ខ្លួន រួចប្រគល់ឱ្យប៉ូលិសក្រុងតាខ្មៅ ​នាថ្ងៃ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីយប់នៅ ចំណុចផ្ទះជនរងគ្រោះភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ តាំង សេងហួត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរម្ចាស់ផ្ទះជួល។ ចំណែកជនសង្ស័យឈ្មោះ សាយ ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ 

វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន៣គ្រឿង (1-ម៉ាកSAMZUNG A7ពណ៌ខ្មៅ, 2-ម៉ាក ICaLL ពណ៌ខៀវ និង3-ម៉ាក NOKIA105 ពណ៌ខ្មៅ របស់ជនសង្ស័យ), នាឡិកាដៃម៉ាក LONGBO ខ្សែពណ៌ឈាមជ្រូក១គ្រឿង ជារបស់ជនសង្ស័យ,មួកចាក់ឆ្នួតក្រហមចំនួន១, កាបូបដៃពណ៌ខ្មៅ១ និងលុយ១៣០០រៀល (របស់ជនសង្ស័យ)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅក្នុងបន្ទប់របស់ខ្លួន ពេលនោះស្រាប់តែឃើញជនសង្ស័យតាមរយៈកាមេរ៉ាសុវត្ថិភាពបានដើរឡើងទៅលើផ្ទះជាន់ខាងលើអើតមើលតាមបន្ទប់ជួល។

ឃើញដូចនេះជនរងគ្រោះបានប្រាប់ទៅមិត្តភក្តិរបស់ខ្លួនដើម្បីជួយស្ទាក់ចាប់ជនសង្ស័យ, គ្រាន់តែឮសម្រឹបជើងម្ចាស់ផ្ទះជនសង្ស័យ បានរត់ចុះក្រោមវិញក៏ត្រូវបានម្ចាស់ផ្ទះនិងមិត្តភក្តិចាប់ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពុងសំណាញ់ធ្វើការសាកសួររួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដម្បីចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread