ខ្សែប្រយុទ្ធ Sergio Aguero នឹងចាកចេញពីក្លឹប Manchester City នៅដំណាច់រដូវកាលនេះ បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ជាមួយក្លឹបនេះ។
ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម City រកបាន ២៥៧ គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួតចាប់តាំងផ្ទេរពីក្លឹប Atletico Madrid ក្នុងតម្លៃ៣៥លានផោន ហើយគ្រោងនឹងលើកពានជើងឯកក្របខណ្ឌPremier League លើកទី៥នៅឆ្នាំនេះ។
Sergio Aguero អាយុ៣២ឆ្នាំបានធ្វើការចរចាជាមួយលោក Pep Guardiola និងថ្នាក់ដឹកនាំផ្សេងទៀតរបស់ក្លឹបកាលពីរសៀលថ្ងៃច័ន្ទ។ ក្លឹប City បានប្រកាសនៅ ពេលក្រោយមកទៀតថា កីឡាកររូបនេះនឹងចាកចេញពីពហុកីឡាដ្ឋាន Etihad Stadium នៅពេលណាចប់កិច្ចសន្យានៅរដូវក្តៅនេះ។
កីឡាករអាហ្សង់ទីនរូបនេះគឺជាវីរបុរសរបស់ក្លឹប បន្ទាប់ពីកីឡាកររូបនេះរកបានគ្រាប់បាល់ចុងម៉ោងជួយឲ្យក្រុមCity លើកពានជើងឯកលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៨ ហើយការរកបានគ្រាប់បាល់នេះគឺនៅក្នុងការបង្ហាញមុខនៅរដូវកាលដំបូងនៅអង់គ្លេស។
Sergio Aguero រកបាន១៨១គ្រាប់ក្នុងលីក និងជាកីឡាករបរទេសដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្របខណ្ឌបាល់ទាត់អង់គ្លេស។ លោក Khaldoon Al Mubarak ជានាយក្លឹបCityបានបង្ហើបប្រាប់ថា Aguero នឹងមានកេរ្តិ៍ឈ្មោះជាអមតៈនៅពហុកីឡាដ្ឋានEtihad Stadium បន្ទាប់ពីក្លឹបផ្តល់ជារូបសំណាក ដើម្បីកត់សម្គាល់ពីជោគជ័យរបស់កីឡាកររូបនេះ៕
