អារកប្រពន្ធសម្លាប់រួចរត់គេចខ្លួនជាង២ខែត្រូវបានប៉ូលិសខេត្តកំពង់ឆ្នាំងវ៉ៃខ្នោះ

កំពង់ឆ្នាំង ៖ ប្តីជាឃាតក ដែលយកកាំបិតអារកសម្លាប់ប្រពន្ធទាំងកណ្តាលយប់ នៅស្រុកទឹកផុសកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានប៉ូលិសខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានហើយនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានគេចខ្លួនតាំងពីខែមករា កន្លងមក។

ប៉ូលិសនិយាយថា ជនសង្ស័យជាឃាតកឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះឈ្មោះ អឿន រ៉េន ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធ។ ជនសង្ស័យនិងជនរងគ្រោះ បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយស្រ្តីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ហើយក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មានកូនម្នាក់បន្ថែមទៀត។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានទាស់សំដីគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ, ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនិងទូរស័ព្ទ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឱ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា «ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី»។ 

ពេលនោះស្រ្តីរងគ្រោះឮដូចនេះ ក៏ធាក់ជនសង្ស័យជាប្តីមួយជើងដួលផ្ងារក្រោយរួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ។ ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់គាត់ជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារកស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តងទៅ។

ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំង ទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះ, ម្តងខេត្តនោះ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ ហើយសមត្ថកិច្ចដឹងក៏បានដាក់កម្លាំងចាប់បានតែម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread