ការសិក្សារកឃើញថាថ្នាំ Viagra អាចជួយបុរសៗរស់បានយូរជាងមុន

ថ្នាំនេះល្បីខាងប្រសិទ្ធិភាពក្នុងបន្ទប់គេង ហើយឥឡូវនេះការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំ Viagra ក៏អាចជួយឱ្យបុរសមានអាយុវែងជាងមុនបានដែរ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២២មីនា។

អ្នកស្រាវជ្រាវបានធ្វើតេស្តថ្នាំខៀវនេះទៅលើបុរសដែលមានជំងឺសរសៃឈាមបេះដូង ជាជំងឺមួយដែលបណ្តាលឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ឈាមដល់បេះដូងឬរំខានដោយការកកើតជាតិខ្លាញ់នៅក្នុងសរសៃឈាមបេះដូង។

ពួកគេបានរកឃើញថា បុរសដែលប្រើថ្នាំ Viagra មិនត្រឹមតែរស់បានយូរជាងមុនប៉ុណ្ណោះទេតែថែមទាំងមានហានិភ័យគាំងបេះដូងទាបបំផុតផងដែរ។

ខណៈមូលហេតុនៃការផ្សារភ្ជាប់គ្នានេះនៅមិនទាន់ដឹងច្បាស់ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញនេះនឹងលើកទឹកចិត្តបុរសដែលមានជំងឺសរសៃឈាមបេះដូងពិភាក្សាពីលទ្ធភាពនៃការប្រើថ្នាំ Viagra ជាមួយគ្រូពេទ្យ។

ឥទ្ធិពលនេះគឺអាស្រ័យលើកម្រិតដូសរបស់ថ្នាំ ដោយអ្នកដែលលេបថ្នាំខៀវនេះញឹកញាប់មានហានិភ័យទាបបំផុតក្នុងការកើតជំងឺបេះដូងឬគាំងបេះដូង។

វេជ្ជបណ្ឌិត Martin Holzmann ដែលបានដឹកនាំការសិក្សាស្រាវជ្រាវនេះបានពន្យល់បកស្រាយថា "នេះបង្ហាញថាមានទំនាក់ទំនងទូទៅមួយ ប៉ុន្តែការសិក្សាដែលបានចុះបញ្ជីមិនទាន់អាចឆ្លើយសំណួរនេះបានទេ។ វាអាចទៅរួច ដែលអ្នកដែលលេបក្រុមថ្នាំ PDE5 (ថ្នាំសម្រើប) មានសុខភាពល្អជាងអ្នកដែលលេបថ្នាំ Alprostadil ហេតុដូច្នេះហើយទើបវាមានហានិភ័យគាំងបេះដូងទាប"។ 

"ដើម្បីបញ្ជាក់ថាតើថ្នាំខៀវនេះពិតជាបន្ថយហានិភ័យឬអត់ យើងចាំបាច់ត្រូវចាត់អ្នកជំងឺជាពីរក្រុម ដោយក្រុមមួយលេបថ្នាំ PDE5 និង ក្រុមមួយផ្សេងទៀតមិនលេបវាទេ"។

"លទ្ធផលដែលយើងមានឥឡូវនេះ ផ្តល់ឱ្យយើងនូវហេតុផលល្អបំផុតដើម្បីចាប់ផ្តើមលើការសិក្សាបែបនេះជាផ្លូវការ"៕

-->
adverise with khmeread