រ៉ុក្កែត Starship ទី៤ របស់ក្រុមហ៊ុន SpaceX ធ្លាក់ក្នុងពេលទើបចាប់ផ្តើមហោះ

ក្រុមហ៊ុន SpaceX បានបាត់បង់រ៉ុក្កែត Starship ទី ៤ របស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះ ដែលឃើញរ៉ុក្កែតនេះហោះទៅលើមេឃ បាត់ស្រមោលក្នុងពពកអ័ព្ទក្រាស់ឃ្មឹក ហើយធ្លាក់លើជើងទម្របាញ់បង្ហោះវិញ។

រ៉ុក្កែតដែលមានឈ្មោះកាត់ថា SN11 នេះបានបាញ់បង្ហោះចេញពីកន្លែងសាកល្បងរបស់ក្រុមហ៊ុននៅទីក្រុង Boca Chica រដ្ឋតិចសាស់វេលាម៉ោងប្រហែល ៩ និង ១៥ នាទីព្រឹកថ្ងៃអង្គារទី៣០មីនា ប៉ុន្តែក្រោយហោះបានប៉ុន្មាននាទីទៅទីខ្ពស់ ការផ្សាយផ្ទាល់តាមអ៊ីនធឺណេតបានគាំង ហើយវិស្វកររបស់ SpaceX ឈ្មោះ John Insprucker ដែលជាពិធីករការផ្សាយផ្ទាល់ បាននិយាយថា "SN11 មិនត្រឡប់មកវិញទេ។ កុំរង់ចាំការចុះចតអី"។ 

នៅគ្រាដែលកំពុងប្រកាសបែបនេះ រ៉ុក្កែត SN11 នៅកំពុងហោះឡើងលើមេឃនៅឡើយ ប៉ុន្តែវាបានធ្លាក់ភ្លាមមួយរំពេច ក្រោយការប្រកាសចប់។

នាយកប្រតិបត្តិលោក Elon Musk បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះថា "ម៉ាស៊ីនទី ២ មានបញ្ហានៅពេលហោះឡើងនិងមិនបានឈានដល់សម្ពាធបង្គុំប្រតិបត្តិការអំឡុងម៉ាស៊ីនកំពុងបញ្ឆេះនោះទេ ប៉ុន្តែតាមទ្រឹស្តី បញ្ហានេះមិនសំខាន់ទេ"។

"ច្បាស់ជាមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីម៉ាស៊ីនរ៉ុក្កែតចាប់ផ្តើមបញ្ឆេះ។ យើងនឹងដឹងបញ្ហានោះជាអ្វី នៅពេលយើងពិនិត្យមើលរ៉ុក្កែតនៅរសៀលថ្ងៃនេះ"។

គួរបញ្ជាក់ថា រ៉ុក្កែត ៣ លើកមុនរបស់ SpaceX បានផ្ទុះឆេះក្នុងពេលសាកល្បងផងដែរ ដែលបណ្តាលឱ្យខាតបង់រាប់ពាន់លានដុល្លារ តែលោក Elon Musk នៅមិនព្រមបោះបង់មហិច្ឆតាសាកល្បងរ៉ុក្កែតនេះនោះឡើយ ព្រោះវាជាអនាគតនាំមនុស្សទៅភពព្រះអង្គារ៕

-->
adverise with khmeread