អ្នកចម្បាំងការពារបរិស្ថានរូបនេះចំណាយពេល ២៤ ឆ្នាំប្រែក្លាយភ្នំត្រងោលក្លាយជាព្រៃខៀវស្រងាត់

ពីមុនត្រូវគេហៅថាមនុស្សឆ្កួតនិងត្រូវបានសើចចម្អកដោយសមាជិកនៃសហគមន៍ បុរសឥណ្ឌូនេស៊ីម្នាក់នេះបច្ចុប្បន្នត្រូវបានកោតសរសើរជាវីរបុរស បន្ទាប់ពីចំណាយ១ភាគ៤នៃជីវិតរបស់គាត់ប្រែក្លាយកូនភ្នំត្រងោលទំហំ២៥០ហិកតាទៅជាព្រៃខៀវស្រងាត់ជាមួយនឹងដើមពោធិ៍និងដើមជ្រៃ។

រឿងរ៉ាវរបស់លោក Sadiman ដែលពាំនាំជីវិតបៃតងរស់ឡើងវិញ បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩០ ដោយគាត់បានព្យាបាលរបួសនៃតំបន់នេះដែលរងគ្រោះដោយភ្លើងឆេះព្រៃក្នុងឆ្នាំ១៩៦០ នៅលើភ្នំ Lawu ខេត្ត Central Java។ ហើយអ្នកភូមិជាច្រើននៅទីនោះបានតស៊ូនឹងគ្រោះរាំងស្ងួតនិងគ្រោះទុរ្ភិក្ស រហូតដល់វីរបុរសរូបនេះបង្ហាញខ្លួនដើម្បីសង្គ្រោះជីវិតបៃតងត្រឡប់មកសហគមន៍វិញ។

លោក Sadiman ដែលជាកសិករចិញ្ចឹមគោអាយុ៤០នៅគ្រានោះ ជឿថាដោយសារកង្វះជីវិតបៃតងនៅជុំវិញភូមិរបស់គាត់ ទើបបណ្ដាលឱ្យមានគ្រោះរាំងស្ងួត និងពិបាករកទឹក។ ជាអកុសល្យមានតែរូបគាត់ម្នាក់ប៉ុណ្ណោះ ដែលខ្វាយខ្វល់ពីបញ្ហានេះ សូម្បីតែអាជ្ញាធរ ឬអ្នកស្រុក គ្មានអ្នករវល់ឡើយ។ រឹតតែអាក្រក់ទៅទៀតនោះ មនុស្សបាននាំគ្នាហៅគាត់ថាមនុស្សឆ្កួតសម្រាប់ការប្រែក្លាយតំបន់នេះទៅជាពណ៌បៃតងឡើងវិញ ខណៈពួកគេចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់គាត់ថាឥតប្រយោជន៍។

ជាការពិត ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ Sadiman បានដាំដើមឈើបាន១១.០០០ដើម និងប្រែក្លាយតំបន់ដែលធ្លាប់តែជួបគ្រោះរាំងស្ងួត និងគ្រោះទុរ្ភិក្ស ឱ្យរស់ឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ដើមឈើហូបផ្លែជាច្រើនក៏បានដុះនៅតំបន់នោះដោយឯកឯងផងដែរ ហើយអ្នកស្រុកក៏បានកោតសរសើរគាត់ និងចាត់ទុកគាត់ជាវីរបុរសនិងជាអ្នកចម្បាំងការពារបរិស្ថាន។

ក្នុងឆ្នាំ២០១៦ លោក Sadiman ក៏បានទទួលពានរង្វាន់វីរបុរស Kick Andy Heroes ពីរដ្ឋាភិបាលសម្រាប់ការអភិរក្សបរិស្ថាន ដែលគេដាក់រហស្សនាមឱ្យគាត់ថា Hutan Sadiman៕ 

 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត