ដុកទ័រ Google! ការសិក្សារកឃើញថា ការស្វែងរករោគសញ្ញាលើអ៊ីនធឺណេតជួយជំរុញសមត្ថភាពអ្នកក្នុងការវិនិច្ឆ័យជំងឺ និងសម្រាលការភ័យព្រួយ

ការសិក្សាមួយបានរកឃើញថាការឆែកមើលរោគសញ្ញានៅលើអ៊ីនធឺណេតអាចជួយបង្កើនសមត្ថភាពរបស់អ្នកបានបន្តិចដែរក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដោយផ្អែកលើរោគសញ្ញារបស់វា ដោយមិនបង្កើនការថប់បារម្ភ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ២៩ មីនា។

ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិកបានសាកល្បងសមត្ថភាពរបស់អ្នកស្ម័គ្រចិត្តចំនួន ៥.០០០ នាក់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដោយផ្អែកលើបញ្ជីរោគសញ្ញាដែលបានផ្តល់ឱ្យនៅមុននិងក្រោយពេលពិគ្រោះជាមួយវេបសាយនានា។

លទ្ធផលរកឃើញគឺដូចទះកំផ្លៀងទៅលើការផ្តល់ដំបូន្មានជាទូទៅឱ្យចៀសវាងពិគ្រោះជាមួយដុកទ័រ Google មុនពេលទៅពិនិត្យនៅមន្ទីរពេទ្យ។

ជាយូរណាស់មកហើយ ក្រុមវេជ្ជបណ្ឌិតព្រួយបារម្ភថាការរកមើលរោគសញ្ញាតាមអ៊ីនធឺណេតអាចធ្វើឱ្យកម្រិតនៃការថប់បារម្ភរបស់មនុស្សកើនឡើង ដែលជាបាតុភូតមួយគេហៅថា "Cyberchondria"។

ខណៈការឆែកមើលអ៊ីនធឺណេតមើលអការៈរោគជួយបំបាត់ការភ័យព្រួយ អ្នកជំនាញសុខភាពនៅតែជំរុញទឹកចិត្តមនុស្សឱ្យទៅពិនិត្យដល់មន្ទីរពេទ្យ ដើម្បីបានលទ្ធផលប្រាកដប្រជា៕ ​

-->
adverise with khmeread