ដូចខ្វះអីលួច! ប៉ូលិសសិង្ហបុរីចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យដើរលួចខោអាវទ្រនាប់ស្រីៗ

ប៉ូលិសសិង្ហបុរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែមេសាថា បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងការលួចខោអាវទ្រនាប់ស្រីៗ។ នេះយោងតាមវេបសាយ Channelnewsasia ផ្សាយកាលពីថ្ងៃសុក្រទី២មេសា។

កម្លាំងប៉ូលិសសិង្ហបុរីបានទទួលរបាយការណ៍មួយនៅថ្ងៃទី ២០ ខែកុម្ភៈវេលាម៉ោងប្រហែល ៦និង២០ នាទីពីជនរងគ្រោះជាស្ត្រីដែលនិយាយថា ខោអាវទ្រនាប់របស់នាង ដែលព្យួរហាលនៅខាងក្រៅផ្ទះរបស់នាងនៅតាមបណ្តោយផ្លូវ Jalan Batu ត្រូវបានចោរលួច។

បុរសនោះត្រូវបានគេស្គាល់អត្តសញ្ញាណតាមរយៈការសាកសួរនៅមូលដ្ឋាននិងដោយមានជំនួយពីរូបភាពកាមេរ៉ារបស់ប៉ូលិស។ បុរសនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី៣១មីនា។

ប៉ូលិសបាននិយាយថា "បុរសនេះត្រូវគេជឿថាជាប់ពាក់ព័ន្ធនឹងករណីស្រដៀងគ្នាផ្សេងទៀតនៅក្នុងតំបន់ក្បែរនោះ។ ខោអាវទ្រនាប់ជាង ៦០ ឈុត ដែលបុរសនេះកាន់កាប់ ត្រូវបានរឹបអូស" ។

ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទចោរកម្ម បុរសនោះអាចជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ពិន័យជាប្រាក់ ឬ ទាំងពីរ៕

-->
adverise with khmeread