adverise with khmeread 1

​ល្បែង​លាក់ធ្យូង​

​    ​ល្បែង​លាក់ធ្យូង ជា​ល្បែង​សម្រាប់​ក្មេងប្រុស ឬ​ស្រី​ជំទង់​តែ​ប្រុស​សុទ្ធតែ​ប្រុស ស្រី​សុទ្ធតែ​ស្រី លេង​កំសាន្ត​ពេលទំនេរ គេ​លេង​តែ​ពេល​ថ្ងៃ នៅក្រោម​ម្លប់ឈើ ឬ​ទីវាល​ពេល​មេឃ​ត្រជាក់​ក៏បាន​។​

​    ​សមាសភាព​នៃ​អ្នកលេង មាន​គ្នា​យ៉ាងតិច​ត្រឹម ៥ នាក់​ឡើងទៅ​។​

​    ​សមាសភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​៖

​    ​មុននឹង​លេង គេ​បបួលគ្នា ២ នាក់​អង្គុយ​សណ្តូកជើង​ទាំង ២ ជា​ជួរ​ទន្ទឹមគ្នា​ផ្កាប់​បាតដៃ​ទាំង ២ ឬ​ក្តោប​ដាក់​លើ​ក្បាលជង្គង់​ទាំង ២​។ មាន​ក្មេង ៥ នាក់​ទៀត​មិន​អង្គុយ​សណ្តូកជើង​ទេ គេ​ឲ្យ​ម្នាក់ទៀត​កាន់​ធ្យូង​រឹង ១ ដុំ​តូច​ល្មម ឬ​ដុំ​ក្រួស​ក៏បាន ដើរ​ចាប់​បើក​បាតដៃ​របស់​អ្នក​ដែល​អង្គុយ ក្តោប​ដៃ​ទៅលើ​ក្បាលជង្គង់​នោះ ផ្អឹបៗ លៗ ដូចជា​បម្រុង​នឹងដាក់​ធ្យូង​ទៅ​បាតដៃ​អ្នក​ទាំងនោះ រួច​ដាក់​ធ្យូង​នោះ​ទៅក្នុង​ដៃ​ក្តោប​អ្នក​ណាមួយ យ៉ាង​រហ័ស​ហើយ​ឲ្យ​ម្នាក់ទៀត​ចាំ​ទាយ​។ កាល​គេ​ដាក់​ធ្យូង​រួចហើយ​អ្នក​ទាយ ក៏​ចាប់​ទាយ​ឡើង​ថា​"​ធ្យូង​នៅលើ​អ្នកនេះ​"(​ថា​ចមឈ្មោះ​អ្នក​អង្គុយ​ណាមួយ ដែល​ខ្លួន​យល់ថា​គេ​លាក់ធ្យូង​នៅ​ដៃ​របស់គេ​)​។​

​    ​បើ​ទាយ​ត្រូវ​អ្នក​ដែល​ទាយ​ត្រូវ​នោះ​មានអំណាច​កាន់​ដុំ​ធ្យូង​លាក់​វិញ​ម្តង​។ ឯ​ក្នេ​ង​ដែល​ត្រូវគេ​លាក់ធ្យូង​ក្នុង​ដៃ​រួចហើយនោះ​ក្រោក​ទៅ​ចាំ ទាយ​ធ្យូង​វិញ​។ ក្មេង​ដែល​កាន់​ធ្យូង​លាក់​ពី​គ្រា​មុន នោះមក​អង្គុយ​សណ្តូកជើង​ត្រង់​កន្លែង​ដែល​ក្មេង​ក្រោក​នោះ​វិញ​។ តែបើ​ទាយ​មិនត្រូវ អ្នក​ដែល លាក់ធ្យូង​នោះ​កាន់​ធ្យូង​លាក់​តទៅទៀត​។ គេ​លេង​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​លេង​។​

​    ​ល្បែង​លាក់ធ្យូង​នេះ ជា​ល្បែង​មួយ​សម្រាប់​លេង​កំសាន្ត​ផង​សម្រាប់​ហាត់​មើល​អាការ​ទឹកមុខ​របស់​មនុស្ស​ផង ព្រោះ​ធម្មតា​អ្នក​លាក់ធ្យូង ក្នុង​ដៃ​របស់ខ្លួន តែងតែមាន​ទឹកមុខ​ប្លែក​ជាងគេ​ល្មម​ឲ្យ​អ្នក​ចាំ​ទាយ​សង្កេត​បាន ទាយ​ត្រូវ ជា​ល្បែង​យោល​ទៅខាង​ផ្លូវ​តុលាការ ឬ​ភ្នាក់ងារ​ស៊ើបអង្កេត ផ្សេងៗ ដើម្បី​ឲ្យ​ងាយ​ស៊ើបអង្កេត​ដោយ​គ្រាន់តែ​ពិនិត្យ​ទឹកមុខ​មនុស្ស​ក៏​អាច​ទាយ​ថា ជា​មនុស្ស​សុចរិត ឬ​ទុច្ចរិត​បាន​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់