ចិនប្រាប់ស្ត្រីទាំងអស់ថា ពួកគេមិនចាំបាច់ពន្យារពេលមានគភ៌ទេ ក្រោយចាក់វ៉ាក់សាំងរួច

ចិនបានកែប្រែការណែនាំរបស់ខ្លួនស្តីពីចាក់វ៉ាក់សាំងសម្រាប់ស្ត្រីដែលកំពុងព្យាយាមចង់បានកូន ដោយប្រាប់ពួកគេថា ពួកគេមិនបាច់រង់ចាំបីខែបន្ទាប់ពីចាក់ថ្នាំបង្ការ មុនពេលព្យាយាមមានផ្ទៃពោះនោះទេ។

នាងវ៉ាង លីជាបុគ្គលិករដ្ឋាភិបាលមកពីទីក្រុងឆាវយ៉ាងក្នុងខេត្តលាវនីង បាននិយាយថា នាងមានការភ័ន្តភាំងជាមួយនឹងការកែប្រែនេះ។

នាងត្រូវបានគេប្រាប់ឱ្យចាក់ថ្នាំឱ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីការចេញសេចក្តីណែនាំថ្មីកាលពីថ្ងៃចន្ទទី៥មេសា ដោយនិយាយថាស្ត្រីមិនគួរពន្យារពេលមានផ្ទៃពោះពីព្រោះតែពួកគេបានទទួលវ៉ាក់សាំងកូវីដ១៩ នោះទេ។

នាងវ៉ាងដាក់ជាសំណួរថា "តើអនុសាសន៍នេះផ្អែកលើទិន្នន័យព្យាបាលឬទេ? តើអ្នកណានឹងត្រូវទទួលខុសត្រូវប្រសិនបើមានបញ្ហាអ្វីមួយដោយសារតែការចាក់វ៉ាក់សាំងនេះ?"។

បច្ចុប្បន្ន ប្រទេសនេះកំពុងជំរុញយ៉ាងខ្លាំងចំពោះការចាក់ថ្នាំបង្ការរោគដ៏ធំក្នុងគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៤០ ភាគរយរបស់ខ្លួននៅត្រឹមខែមិថុនា ដែលមានន័យថាប្រហែលជា ១០ លានដូសចាំបាច់ត្រូវចាក់ជារៀងរាល់ថ្ងៃ។

ការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងកូវីដ១៩ មិនមានអ្វីប្លែកចំពោះប្រទេសចិនទេហើយអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបានព្យាយាមនិយាយជំទាស់រួចទៅហើយចំពោះពាក្យចចាមអារ៉ាមតាមអនឡាញថា ប្រភេទវ៉ាក់សាំងខ្លះអាចធ្វើឱ្យចុះខ្សោយការមានកូនឬអាចសម្លាប់ស្ត្រីមានផ្ទៃពោះ។

ក្រុមអ្នកឯកទេសខាងគភ៌និងអ្នកជំនាញវ៉ាក់សាំងបាននិយាយថា ទោះបីជាទិន្នន័យនៅមានកម្រិតក៏ដោយ ក៏ប៉ុន្តែវាមិនទំនងទេដែរថាវ៉ាក់សាំងកូវីដ១៩ នឹងប៉ះពាល់ដល់ការមានកូនទាំងចំពោះបុរសនិងស្ត្រីឬបំផ្លាញការលូតលាស់របស់ទារក៕

-->
adverise with khmeread