បវរកញ្ញាឯកស្រីលង្ការរងរបួសក្បាល ក្រោយផ្ទុះជម្លោះដណ្តើមមកុដនៅលើឆាក

ជ័យលាភីពានរង្វាន់បវរកញ្ញាឯកដ៏ធំបំផុតរបស់ស្រីលង្កាបានរងរបួសក្បាលបន្ទាប់ពីមានជម្លោះវាយតប់ផ្ទុះឡើងនៅលើឆាក។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអង្គារទី៦មេសា។

បវរកញ្ញា Pushpika De Silva បានឈ្នះមកុដ "កញ្ញាឯកស្រីលង្កា" ក្នុងពិធីមួយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យ។

មួយសន្ទុះក្រោយមក ជ័យលាភីឆ្នាំ ២០១៩ បានដណ្តើមយកមកុដពីនាង De Silva ដោយអះអាងថានាងមិនអាចទទួលបានមកុដនេះទេ ព្រោះនាងបានលែងប្តី។

មកុដនេះឥឡូវត្រូវបានប្រគល់ជូននាង De Silva វិញហើយ បន្ទាប់ពីអ្នករៀបចំកម្មវិធីបានបញ្ជាក់ថានាងមិនមែនជាស្ត្រីលែងលះប្តីនោះទេ។

គណៈកម្មការដាក់ពិន្ទុបានប្រកាសនាង De Silva ជាជ័យលាភីឆ្នាំ ២០២១ ក្នុងវគ្គផ្តាច់ព្រ័ត្រ "បវរកញ្ញាស្រីលង្កា" នៅក្នុងរោងល្ខោនមួយក្នុងទីក្រុងកូឡុំបូកាលពីយប់ថ្ងៃអាទិត្យ។

ប៉ុន្តែម្ចាស់ជ័យលាភីឆ្នាំ ២០១៩ ឈ្មោះ Caroline Jurie បានដោះយកមកុដពីលើក្បាលនាង De Silva ដោយលើកយកវិធានមួយដែលចែងថា គូប្រកួតត្រូវតែរៀបការហើយមិនមែនលែងលះគ្នានោះឡើយ។

នាង Jurie បានប្រាប់ទស្សនិកជនថា "មានច្បាប់មួយរារាំងស្ត្រីដែលបានរៀបការរួចហើយបានលែងលះគ្នាដូច្នេះខ្ញុំនឹងចាត់វិធានការដកហូតមកុដឱ្យទៅអ្នកជាប់ចំណាត់ថ្នាក់លេខ ២"។

វីដេអូនៃឧបទ្ទវហេតុនេះបានបង្ហាញ នាង Jurie បំពាក់មកុដលើក្បាលជ័យលាភីរង ជាហេតុនាំឱ្យនាង De Silva ដើរចេញពីលើឆាកទាំងទឹកភ្នែក។ 

ក្រុមអ្នករៀបចំកម្មវិធីបានសុំទោសនាង De Silva ដែលនិយាយថា នាងរស់នៅដាច់ឆ្ងាយពីគ្នា មិនបានលែងលះគ្នានោះទេ។ 

នៅលើផុសហ្វេសប៊ុក នាងបាននិយាយថា នាងបានទៅមន្ទីរពេទ្យព្យាបាលរបួសក្បាល ក្រោយគេដកមកុដទាំងប្រទាំងប្រទើសបណ្តាលឱ្យមុតក្បាលនាង៕

 

-->
adverise with khmeread