ស្ដ្រីម្នាក់បានរកឃើញថា កូនស្រីដែលបាត់ជាយូរមកហើយរបស់គាត់ គឺជាកូនក្រមុំរបស់កូនប្រុសគាត់នៅថ្ងៃមង្គលការពួកគេក្នុងប្រទេសចិន។
ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាអាចចំណាំកូនស្រីគាត់ ដែលគេបំបែកជាច្រើនឆ្នាំមកហើយដោយស្នាមដៅនៅលើដៃរបស់នាងនៅថ្ងៃនៃពិធីមង្គលការនេះ។
កូនក្រមុំនិងម្តាយរបស់នាងឃើញយំឱបគ្នាទៅវិញទៅមកក្នុងអំឡុងពេលជួបជុំគ្នាដ៏ភ្ញាក់ផ្អើលនៅទីក្រុង Suzhou ខេត្ត Jiangsu កាលពីថ្ងៃទី ៣១ ខែមីនា។
ពិធីមង្គលការអាចបន្តទៅមុខបានបន្ទាប់ពីមានការបញ្ជាក់ថាកូនប្រុសរបស់ស្ត្រីនោះត្រូវបានយកទៅចិញ្ចឹម ចឹងមានន័យថាពួកគេមិនជាប់សាច់ឈាមគ្នាទេ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថាស្ត្រីរូបនេះបានសម្រេចចិត្តយកកូនប្រុសម្នាក់មកចិញ្ចឹម បន្ទាប់ពីបានស្វែងរកកូនស្រីអស់រយៈពេលជាច្រើនឆ្នាំមិនឃើញ។
យោងតាមសារព័ត៌មាន Times Now បានឱ្យដឹងថាម្តាយរបស់កូនកំលោះបានកត់សម្គាល់ស្នាមដៅនៅលើដៃកូនក្រមុំ។
ឃើញដូច្នេះលោកស្រីបានបង្ខំចិត្តសួរឪពុកម្តាយខាងកូនក្រមុំថាតើកូនស្រីរបស់ពួកគេត្រូវបានយកមកចិញ្ចឹមឬយ៉ាងណា។
ឪពុកម្តាយរបស់កូនក្រមុំមានការរំជើបរំជួលដោយសំណួរនោះ មុនពេលនិយាយថាពួកគេបានយកកូននោះមកចិញ្ចឹមបន្ទាប់ពីរកឃើញនាងនៅតាមដងផ្លូវកាលពីជាង ២០ ឆ្នាំមុន។
ក្រោយពីស្ដាប់រឿងរ៉ាវនេះរួចកូនក្រមុំបានស្រក់ទឹកភ្នែក ហើយបានរៀបរាប់ពីគ្រាដែលបានជួបម្តាយបង្កើតរបស់នាងថា "រីករាយជាងថ្ងៃរៀបការ" ទៅទៀត។
ពិធីមង្គលការអាចឈានទៅមុខបន្ត ទោះបីជាមានឈុតឆាកភ្ញាក់ផ្អើលនេះក្តី ហើយគូស្នេហ៍ទាំងពីរបានសច្ចាទល់មុខគ្នា៕
