ពូកែខាងវាយតប់ និងប្រើកាំភ្លើងកែច្នៃគំរាមបាញ់សម្លាប់ត្រូវប៉ូលិសប៉ុស្តិ៍សៀមរាបវ៉ៃខ្នោះ

កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍សៀមរាប ឃាត់ខ្លួននាថ្ងៃទី៦ មេសា ឆ្នាំ២០២១ បន្ទាប់ពីបានប្រើហិង្សាដោយចេតនាវាយតប់ និងយកកាំភ្លើងកែច្នៃគំរាមបាញ់សម្លាប់ កើតឡើងនៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី ០៥ មេសា ឆ្នាំ២០២១ វេលាម៉ោង៦ និង៥០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ុន ភារះ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ កណ្តោក ឃុំ កណ្តោក ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មករជាងក្បាច់។ ចំណែកជនសង្ស័យឈ្មោះ សុង ប្រុសសុទ្ធ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យកជំពាមកៅស៊ូ ចំនួនមួយ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិ៣នាក់បានជិះម៉ូតូ០២គ្រឿងចេញពីធ្វើការមកផ្ទះរបស់ឈ្មោះ ឆាង ស្ថិតនៅភូមិឃុំកើតហេតុខាងលើដើម្បីជួយកាប់ព្រៃមុខផ្ទះ។ ពេលកាប់ព្រៃរួចជនរងគ្រោះ និងមិត្តភក្តិបានដើរទៅអង្គុយលេងនៅផ្ទះឈ្មោះ ភ័ក្ត្រ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ឆាង។ ពេលអង្គុយលេងបានប្រហែល០៥នាទី ជនរងគ្រោះបានឃើញឈ្មោះ ភ័ក្ត្រ និង ជនសង្ស័យឈ្មោះប្រកែកគ្នា។

ពេលនោះជនរងគ្រោះបានដើរទៅមើលស្រាប់តែជនសង្ស័យស្ទុះមកវាយលើជនរងគ្រោះមួយកែងចំផ្ពាល់ខាងស្តាំ  និង មួយដៃទៀតចំផ្គាមខាងស្ដាំបណ្តាលឱ្យហើម បន្ទាប់មកជនសង្ស័យបាននិយាយថា«អញនិងយកកាំភ្លើងបាញ់ហ្អែងឱ្យងាប់»។ ឮដូចនោះជនរងគ្រោះក៏ជិះម៉ូតូចេញបាត់ទៅ មួយសន្ទុះក្រោយមកជនសង្ស័យបានយកកាំភ្លើងកែច្នៃមកបាញ់គំរាមស្រែឡូឡា។ ភ្លាមនោះប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាបបានចុះទៅដល់កន្លែងកើតហេតុត្រូវជនសង្ស័យគេចខ្លួនបាត់។ 

លុះព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០៩និង៣០នាទី កម្លាំងប៉ូលិសប៉ុស្ត៏រដ្ឋបាលឃុំសៀមរាប បានចុះទៅដល់កន្លែងកើតហេតុដើម្បីហៅជនសង្ស័យមកសាកសួរ ជនរងគ្រោះបានកាន់ជំពាមកៅស៊ូជាប់នៅក្នុងដៃ រកបាញ់មកលើសមត្ថកិច្ច។

ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង ដើម្បីបន្តនីតិវិធីច្បាប់៕

-->
adverise with khmeread