ទេវតាឆ្នាំឆ្លូវឆ្នាំនេះទ្រង់សោយ «សប្បិ ឬ ទឹកដោះ»

ទេវតាឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី  ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ឆ្នាំនេះទ្រង់សោយ «សប្បិ  ឬ ទឹកដោះ» ជាភក្សាហារ, នេះបើយោងតាមសៀវភៅមហាសង្ក្រាន្ដរបស់លោក អ៊ឹម បុរិន គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ ចេញផ្សាយ នាពុទ្ធសករា២៥៦៥-គ្រិស្តសករាជ២០២១។

 

លោក អ៊ឹម បុរិន បានសរសេរថា ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន ២៥៦៤ ត្រឹមថ្ងៃចន្ទ១៥កើត ខែពិសាខ លុះដល់ថ្ងៃអង្គារ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក តទៅចូលពុទ្ធសករាជ ២៥៦៥។

 

នឹងគណនាឆ្នាំឆ្លូវឥឡូវនេះសង្ក្រាន្ដចូលនៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស ២០២១ វេលាម៉ោង៤ទៀបភ្លឺ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវីថីគឺ កណ្ដាលមានទេវធីតាមួយអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី  ជាបុត្រីទី៤នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចម្បា  អភណៈ កែវពិទូរ្យ  ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រះហស្ដស្ដាំទ្រង់ម្ជុល ព្រះហស្ដឆ្វេង ទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទុំបិទព្រះនេត្រនៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ។ 

 

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ដ ជាទីតម្កល់នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលស្រង់ទឹក អនោត្ដមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង៧ត្រជាក់ក្សេមក្សាន្ដព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ៗ ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មមង្គលជន្មយុយឺនយូរដល់ទេវតា និងមនុស្ស សត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកដល់នេះបានទូលំទូលាយសុខក្សេមក្សាន្ដតរៀងទៅ។

 

-ថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស ២០២១ វេលាម៉ោង៤ ទៀបភ្លឺ ជាថ្ងៃចូលឆ្នាំឆ្លូវ ត្រីស័ក (ជាវរៈមហាសង្ក្រាន្ដក្នុងរាត្រីថ្ងៃអង្គារទី១៣ ខែមេសា

 

-ថ្ងៃព្រហស្បត្ដិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៥ ខែមេសា គ.ស ២០២១ ជាវរៈវន័បត

 

-ថ្ងៃសុក្រ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៦ ខែមេសា គ.ស ២០២១ នៅវេលាម៉ោង០៧និង ៣៧នាទី១២ វិនាទីជាវរៈឡើងស័ក គម្រប់សង្ក្រាន្ដបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំឆ្លូវ ត្រីស័ក មហាសករាជ ១៩៤៣ ចុល្លសករាជ ១៣៨៣ តទៅ។

 

ក្នុងឱកាសសង្ក្រាន្ដទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ៍ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គលវិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

 

រណ្ដាប់ទទួលទេវតា

 

រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ​​(សំពត់ពណ៌ខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ( ១១ហៅថា រាជាជោគ គឺតំណាងឱ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ) រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ 

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទីលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

 

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ជាទំនៀមទម្លាប់មានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ដ្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ 

 

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ដ្រគួររៀបឱ្យបាន៣ ឬ៥មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន នៅដង្វាយទាំងអស់ត្រូវដាក់ផ្ការម្លិះភួងពីលើគ្រប់ដង្វាយ នៅពីលើពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕

-->
adverise with khmeread