ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀន២ករណីនៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសស្រុកតាលោសែនជ័យ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្ទះរុង សរុប១២នាក់ បានចុះល្បាតត្រួតពិនិត្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលយប់ និងបានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ ករណីកាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ហែម មុនី អធិការប៉ូលិសស្រុកតាលោសែនជ័យបានឱ្យដឹងថា ដោយមានបទបញ្ជានិងមតិចង្អុលការពីលោកឧត្តសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់ កម្លាំងប៉ូលិសស្រុក និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបានចុះល្បាតនិងបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន២ករណី កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ករណីទី១-នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ និង២៥នាទីយប់នៅចំណុចផ្លូវខ្វែង៦ផ្សារបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក៏បានឃាត់ម៉ូតូ១គ្រឿង ដែលបើកបរដោយឈ្មោះ នួន សត្យា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូចទម្ងន់១.៥៥ក្រាម, ទូរស័ព្ទម៉ាកណូគា០១គ្រឿង, ម៉ូតូម៉ាកអិចសៃទ័រពណ៌ខៀវ០១គ្រឿង, លុយខ្មែរចំនួន១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល)។

ករណីទី២-នៅថ្ងៃដដែល វេលាម៉ោង១១និង១៥នាទីយប់ នៅទីតាំងដដែល បានឃាត់ម៉ូតូ០១គ្រឿងជិះគ្នា០២នាក់ បើកបរដោយឈ្មោះ សៀង សុវណ្ណារិទ្ធ (រិទ្ធ) ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ  មុខរបរជាងដែក និងអ្នករួមដំណើរឈ្មោះ ញ៉ាញ់ ហាក់ស៊ីណេត ហៅម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យមុខរបរ លក់បាយ។ វត្ថុតាងរួមមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូចទម្ងន់១.០៥ក្រាម, ទូរស័ព្ទ០៣គ្រឿង, ម៉ូតូម៉ាកស៊ូម័រ (Zoomer X) ០១គ្រឿង។

ចំណែកជនសង្ស័យទាំង៣នាក់ខាងលើនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកតាលោសែនជ័យដើម្បីសួរនាំ និងបំពេញបែបបទតាមនីតិវិធី៕

-->
adverise with khmeread