អ្នកវិទ្យាសាស្ត្រអង់គ្លេសប្រកាសអាថ៍កំបាំងដ៏ភ្ញាក់ផ្អើលនៃរូបមន្តឆុងតែឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ផុតលេខ

ការឆុងតែគឺជាទំនៀមទម្លាប់ដ៏មានតម្លៃសម្រាប់ជនជាតិអង់គ្លេស ក្នុងនោះប៉ាន់ ថង់តែ ទឹកក្តៅ និងទឹកដោះគោឆៅ គឺជាធាតុដ៏សំខាន់នៃប្រពៃណីនេះ។ ហើយប្រាកដណាស់ មុននឹងឆុងតែអ្នកត្រូវតែលៃលកនិងប៉ាន់ស្មានរង្វាស់រង្វាល់របស់តែនិងទឹកក្តៅដើម្បីធ្វើម៉េចឱ្យតែមានរសជាតិឆ្ងាញ់ពិសា។

ប៉ុន្តែឥឡូវនេះអ្នកជំនាញម្នាក់បានប្រកាសអាថ៍កំបាំងដ៏ភ្ញាក់ផ្អើលថ្មីរបស់គាត់ដោយអះអាងថា ការចាក់ទឹកដោះគោឆៅឱ្យលិចថង់តែ (ថង់ក្រដាសតូចៗ) មុនពេលដាក់វាក្នុងទឹកក្តៅពុះចូលគឺជាវិធីល្អបំផុតដើម្បីទទួលបានរសជាតិឆ្ងាញ់បំផុតអំពីតែ។

រូបមន្តដែលគ្មាននៅក្នុងប្រពៃណីអង់គ្លេសនេះគឺផ្អែកលើការស្រាវជ្រាវរបស់គាត់ ដែលរកឃើញថា ការចាក់ទឹកដោះគោឆៅដំបូងបង្អស់ឱ្យលិចថង់តែអាចជួយទប់ទល់នឹងទឹករឹង (ទឹកមានជាតិរ៉ែខ្ពស់) ដែលនេះជាបញ្ហាដែលជនជាតិអង់គ្លេសរកវិធីដោះមិនចេញជាយូរមកហើយ។

សាស្រ្តាចារ្យ Alan Mackie មកពីសាកលវិទ្យាល័យ Leeds មានប្រសាសន៍ថា ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានទឹករឹង គួរតែពិចារណាប្រើវិធីចាក់ទឹកដោះគោឱ្យលិចថង់តែជាមុន សឹមដាក់ទឹកក្តៅចូលតាមក្រោយ។

ការស្រាវជ្រាវដែលធ្វើឡើងជាមួយក្រុមហ៊ុនផលិតទឹកម៉ាស៊ីន INTU បានរកឃើញថាសារធាតុរ៉ែនៅក្នុងទឹករឹងបានរារាំងសមាសធាតុផ្សំនៃរសជាតិរបស់តែ។

ប៉ុន្តែសាស្ត្រាចារ្យ Mackie និយាយថាប្រូតេអ៊ីននៅក្នុងទឹកដោះគោធ្វើឱ្យបរិមាណជាតិរ៉ែក្នុងទឹករឹងថយចុះ ហើយនឹងផ្តល់នូវរសជាតិឆ្ងាញ់យ៉ាងពិសេសបន្ថែមទៀត ជាពិសេសនៅពេលឆុងតែជាមួយទឹករឹង។

សាស្ត្រាចារ្យ Mackie មានប្រសាសន៍ថា "រសជាតិឆ្ងាញ់មិនអាចថ្លាថ្លែងបាននេះត្រូវបានផលិតចេញមកដោយសមាសធាតុផ្សេងៗគ្នានៅក្នុងតែ ជាពិសេសសារធាតុ Tannins"៕

 

-->
adverise with khmeread