មេរោគកូរ៉ូណាបំលែងខ្លួនរបស់អង់គ្លេសដែលឆ្លងលឿនយ៉ាងសាហាវ កំពុងផ្ទុះឡើងនៅសង្កាត់មួយក្នុងទីក្រុងបាងកក

អ្នកជំនាញខាងរោគវិទ្យាម្នាក់បាននិយាយកាលពីថ្ងៃពុធទី៨មេសាថា ករណីលើកដំបូងក្នុងស្រុកនៃកូវីដ១៩បំលែងខ្លួនរបស់ចក្រភពអង់គ្លេសត្រូវបានរាយការណ៍នៅក្នុងចង្កោមមេរោគក្នុងសង្កាត់ថោងឡ ហើយបានព្រមានថាវាអាចឆ្លងរាលដាលលឿនជាងប្រភេទមេរោគដើមដែលរកឃើញនៅក្នុងប្រទេសថៃ។

លោកសាស្រ្តាចារ្យ Yong Poovorawan មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកនក្នុងទីក្រុងបាងកក បានបង្ហោះសារព្រមាននេះនៅក្នុងហ្វេសប៊ុក។

លោកបាននិយាយថា មេរោគបំលែងខ្លួនរបស់ចក្រភពអង់គ្លេសត្រូវបានរកឃើញ ២៤ ករណីនៅក្នុងចង្កោមមេរោគក្នុងសង្កាត់ថោងឡ។

នាយកមជ្ឈមណ្ឌលឧត្តមភាពគ្លីនិករោគវិទ្យារូបនេះក៏បានព្រមានផងដែរអំពីល្បឿនឆ្លងយ៉ាងឆាប់រហ័សដែលកូវីដបំលែងខ្លួនរបស់អង់គ្លេសអាចរីករាលដាល។

លោកនិយាយថា "មេរោគបំលែងខ្លួនដែលរកឃើញនៅក្នុងចង្កោមថោងឡគឺមកពីចក្រភពអង់គ្លេស។ វានឹងឆ្លងរាលដាលលឿនជាងមេរោគកូរ៉ូណាធម្មតា ១,៧ ដង"។

លោកនិយាយថាវាជាលើកដំបូងហើយដែលការឆ្លងក្នុងស្រុកពាក់ព័ន្ធនឹងមេរោគកូរ៉ូណាបំលែងខ្លួនរបស់ចក្រភពអង់គ្លេសត្រូវបានរកឃើញនៅក្នុងប្រទេសថៃ៕

-->
adverise with khmeread