រថយន្តធំកៀរហើយកិនកង់បណ្តាលឱ្យកម្មការិនីរោងចក្រម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់បានស្លាប់ បន្ទាប់ពីជិះកង់សុខៗត្រូវបានរថយន្តយីឌុប បត់ស្តាំកៀរហើយកិនពីលើ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រលប់ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបទួលពង្រ តាមបណ្តោយផ្លូវវេងស្រេង កែងផ្លូវ៥០ម៉ែត្រក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្ងួន ចាន់ភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រជិន ណា ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រអ៊ីខាង និង​មានស្រុកកំណើតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះកង់តួស្រី ពណ៌ទឹកប្រាក់។

ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកទំនិញយីឌុប៥ភ្លៅ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-0985 អ្នកបើកបរឈ្មោះហេង តាំងឡេង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្រុង-ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញស្ត្រីរងគ្រោះខាងលើបានជិះកង់តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើត, ខណៈកំពុងតែជិះសុខៗស្រាប់តែមានរថយន្តយីឌុប៥ភ្លៅ បើកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតស្របទិសគ្នា។

លុះមកដល់ស្តុបទួលពង្រ ក៏បត់ស្ដាំមិនបានប្រយ័ត្នបានកៀរកង់និងកិនពីលើបណ្ដាលឱ្យស្ត្រីរងគ្រោះខាងលើបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ ​ដោយបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបានចម្ងាយប្រហែល២០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តទាំងម្ចាស់យកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលចោមចៅទី១ដើម្បីបន្តតាមនីតិវិធី។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕​

-->
adverise with khmeread