លួចនុះលួច ចុងក្រោយប្រជាពលរដ្ឋចាប់បានជនភេទទី៣ម្នាក់ប្រគល់ជូនប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យភេទទី៣ម្នាក់ចំណោមបក្ខពួក៣នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនប៉ូលិសចាត់ការបន្ត បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចគាស់តូបក្នុងផ្សារឈូកមាសលួចយកគ្រឿងសមុទ្រជាច្រើនកេះបានសម្រេចជាញឹកញាប់ កាលពីវេលាម៉ោង១និង១០យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ ២០២១ នៅចំណុចតូបលក់គ្រឿងសមុទ្រ ក្នុងផ្សារឈូកមាស  ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រី ម៉ៅ ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរសម្អាងការចល័ត ស្នាក់នៅម្ដុំផ្លូវរថភ្លើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត នៅឯស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពពីយុវជនម្នាក់បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃរូបគេបានដេកយាមតូបរបស់ខ្លួន នៅក្នុងផ្សារឈូកមាសជារៀងរាល់យប់នៅជាប់តូបលក់គ្រឿងសមុទ្រដែលជនសង្ស័យធ្លាប់ធ្វើបានធ្វើសកម្មភាពលួចគ្រឿងសមុទ្រដូចជាត្រី បង្គារ ម៉ឹក ដែលម្ចាស់ដាក់ក្នុងកេះស្នោយកទុក នៅក្នុងតូបជាប្រចាំសម្រាប់លក់ចែកចាយបន្តបានសម្រេចជាញឹកញាប់។

ប្រភពបន្តទៀតថា ដោយម្ចាស់តែងតែបាត់គ្រឿងសមុទ្រញឹកញាប់ពេកគាត់ក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពគាស់តូបលួចយកគ្រឿងសមុទ្រមែន ហើយក៏កំណត់មុខសញ្ញាតាមកាមេរ៉ាសុវត្ថិភាព។

លុះដល់ម៉ោងកើតហេតុខាងលើក៏លេចមុខជនសង្ស័យមុខដដែលនោះដោយមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងបានចូលមកធ្វើសកម្មភាពគាស់តូបដើម្បីលួច យកគ្រឿងសមុទ្រដូចសព្វរាល់ដងទៀត ​តែមិនទាន់បានសម្រេចរូបគេឃើញស្រែកឆោឡោផ្អើលពេញផ្សារនាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ, ចំណែកបក្ខពួក២នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

បើតាមចម្លើយជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ចថា «រូបគេពិតជាបានលួចគ្រឿងសមុទ្របានជាញឹកញាប់ពិតប្រាកដមែន ក្រោយពីលួចបានរូបគេយកទៅហូបខ្លះនិងខ្លះទៀតយកទៅលក់»។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

-->
adverise with khmeread