ពោធិ៍សាត់ ៖ បុរសជាមេភូមិម្នាក់កំពុងបើកឡានសុខៗស្រាប់តែគាំងបេះដូងស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម រឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមេភូមិកណ្ដាល រស់នៅភូមិកណ្តាល ឃុំថ្មដា បានបើករថយន្តកាមរី (ឆ្លាម) ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2H-0200 ធ្វើដំណើពីឃុំថ្មដាទៅខេត្តពោធិ៍សាត់។
ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តគោលបំណងចេញពីស្រុកវាលវែងឆ្ពោះមកកាន់ក្រុងពោធិ៍សាត់, តែមិនទាន់ដល់គោលដៅជនរងគ្រោះមានអាការ:មិនស្រួល គាត់ក៏បានឈប់រថយន្ត រួចចុះមកសុំប្រេងកូឡាពីប្រជាពលរដ្ឋ ឈ្មោះ ម៉ម វ៉ាន ភេទប្រុស អាយុ ៤៧ ឆ្នាំ ផ្ទះនៅក្បែនោះលាបដើម្បីបំបាត់ការវិលមុខ រួចហើយ ក៏ដើរចូលរថយន្តវិញដេកផ្អែកក្បាលទៅនឹងកៅអី ហើយក៏ស្លាប់នៅក្នុងឡានតែម្ដងទៅ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យបញ្ជាក់ថា ពិតជាស្លាប់ដោយសារគាំងបេះដូងពិតមែន៕
