លួចម៉ូតូបានសម្រេចហើយ, តែរត់មិនបានសម្រេច

កោះកុង ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួននៅបណ្ដោយផ្លូវជាតិលេខ ៤៨ ចំណុចស្ពានតាតៃ ឃុំតាតៃ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង និងទូរស័ព្ទ២គ្រឿងនៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយគេចខ្លួន។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលពាក្យបណ្ដឹង របស់ឈ្មោះ ចាន់ ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អះអាងថា មានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន ម៉ាកវ៉េវពណ៌ក្រហម គ្មានស្លាកលេខ មិនចាំឆ្នាំ មិនចាំលេខតួ និងលេខម៉ាស៊ីន និងទូរស័ព្ទចំនួន ០២ គ្រឿង ១-ម៉ាក huawei មួយគ្រឿង និង ២-ម៉ាក oppo មួយគ្រឿង។

ក្រោយពីកម្លាំងប៉ូលិសកំណត់មុខសញ្ញារួចបានធ្វើការឃាត់ខ្លួនឈ្មោះ សេន វីរ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករចុះទូកនេសាទជនជាតិខ្មែរ ស្រុកកំណើតភូមិសែងឃ្លាំង ឃុំសែងឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នស្រុកគីរីសាគរ ខេត្តកោះកុង  បានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាក huawei ចំនួន ០១ គ្រឿង, ទូរស័ព្ទម៉ាក oppo ចំនួន ០១ គ្រឿង និងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ មិនចាំឆ្នាំ មិនស្គាល់លេខតួនិងលេខម៉ាស៊ីន។

ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចរួច ជនសង្ស័យបានជិះម៉ូតូរត់គេចពីកន្លែងកើតហេតុទៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ដល់ចំណុចស្ពានតាតៃកម្លាំងប៉ូលិសបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមក កាន់អធិការដ្ឋានប៉ូលិសក្រុងខេមរភូមិន្ទតែម្តង។

បច្ចុប្បន្ន ករណីនេះកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងរួចបញ្ជូនជនង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread