បុរសជនជាតិខ្មែរអាយុ៦៨ឆ្នាំ «ករណីទី២៣» និង បុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ «ករណីទី២៤» បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យហ្លួងម៉ែ

ភ្នំពេញ ៖ បុរសជនជាតិខ្មែរអាយុ៦៨ឆ្នាំ «ករណីទី២៣» ដែលរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រ និង បុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ «ករណីទី២៤» រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដូចគ្នានៅថ្ងៃទី ៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១ និង៥៥នាទីព្រឹក នៅមន្ទីរពេទ្យហ្លួងម៉ែ។

យោងតាមមន្ទីពេទ្យហ្លួងម៉ែបានឱ្យដឹងថា មានបុរសជនជាតិខ្មែរ អាយុ ៦៨ ឆ្នាំត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ​ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ។

ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងបានសង្គ្រោះតាមលក្ខណៈបច្ចេកទេស, ប៉ុន្តែនៅមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយអ្នកជំងឺក៏បានបាត់បង់ជីវិតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១ និង ៤០នាទីរំលងអធ្រាត្រ។

ចំណែកបុរសជនជាតិខ្មែរ ម្នាក់ទៀត អាយុ៤៩ឆ្នាំ ជាអ្នកជំងឺត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ បានមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា បានមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរហត់ខ្លាំង ​ហើយក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់, ប៉ុន្តែដោយសារជំងឺមានស្ថានភាពធ្ងន់ធ្ងរវិវត្តន៍ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៥៥នាទីអ្នកជំងឺក៏បានបាត់បង់ជីវិត។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា ករណីបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ខាងលើនេះបានបាត់បង់ជីវិតដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ និង ករណីបុរសជនជាតិខ្មែរម្នាក់ទៀត ដែលយុ៤៩ឆ្នាំខាងលើនេះ ​ក៏បានបាត់បង់ជីវិតដោយសារវិបត្តផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៨ មេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣០២៨នាក់, អ្នកជាសះស្បើយ១៩១៤នាក់, អ្នកកំពុងព្យាបាល ១០៨៥នាក់ និងអ្នកស្លាប់២៤នាក់។

គួររំលឹកថា មានជនជាតិខ្មែរ,ចិននិងកូរ៉េដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន២២នាក់ នាពេលកន្លងមក ក្នុងនោះមានបុរស១១នាក់និងស្ត្រី១១នាក់៕


 

-->
adverise with khmeread