កូនប្រុសយកដែកស្បែងវាយសម្លាប់ឪពុកបង្កើត​ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

បាត់ដំបង​ ៖ មាន​ករណីឃា​ត​កម្មកូន​យកដែកស្បែងវាយ​សម្លាប់ឪពុក​បង្កើ​ត បង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន នាព្រឹកព្រលឹមថ្ងៃទី៧​ ខែ​ មេសា​ ឆ្នាំ​​២០២១​ វេលាម៉ោង​៦ និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ​លេខ២០ ស្ថិតក្នុងភូមិអូរដូន​ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ហើយជនដៃដល់ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អា​យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត​ ​ហេតុខាងលើ ដោយជនបង្កជាកូនប​ង្កើតរបស់គាត់ឈ្មោះ ប៊ុត សំ​ណាង ភេទប្រុ​ស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពយក​ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុ​ចកើតហេតុ​តែម្តង។

សមត្ថកិច្ចបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​ប៉ូលិសខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួ​លផែនការងារព្រហ្មទណ្ឌ​ និងបានការសម្រប​សម្រួលលើនីតិវិធីពីលោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយ៍​ឯក​ សុខ​សារិន​ អធិការស្រុកបវេលបានឃាត់ខ្លួនជនសង័្សយខាងលើ មកកាន់អធិការ​ដ្ឋានធ្វើការស្រាវជ្រាវបន្ត​។ 

ជនសង្ស័យបានឆ្លើយតាមបែបរវើរវាយថា​ «ការវាយសម្លាប់ឪពុករបស់ខ្លួន​បែបនេះ​ដោយសារតែឪពុកខ្លួនមានគ្រូកាន់​ហើយ​ មានបំណងសម្លាប់រូបគេ​ទើបគេវាយសម្លាប់ឪពុកនេះជាមុន»​។ 

បច្ចុប្បន្នប៉ូលិសបាន​រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


 

-->
adverise with khmeread