អ្នកស្រុកទម្លាក់ខ្មោចជ្រូកចូលទន្លេចំពេលកំពុងផ្ទុះជំងឺរាតត្បាតផ្តាសាយជ្រូកអាហ្វ្រិកនៅខេត្តមួយរបស់វៀតណាម

ប្រជាជនរាប់សិបនាក់នៅខេត្ត Nghe An ភាគកណ្តាលប៉ែកខាងជើងនៃប្រទេសវៀតណាមបានបោះចោលជ្រូកងាប់ទៅក្នុងប្រឡាយនិងទន្លេទោះបីកំពុងមានការរីករាលដាលនៃជំងឺផ្តាសាយជ្រូកអាហ្វ្រិកក៏ដោយ។ នេះយោងតាមវេបសាយ tuoitrenews ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៨មេសា។

ប្រជាជននៅឃុំ Luc Da ស្រុក Con Cuong នាពេលថ្មីៗនេះបានរាយការណ៍ថាបានរកឃើញជ្រូកងាប់ជាច្រើនក្បាល ដែលជ្រូកនីមួយៗមានទម្ងន់ជិត ១០០ គីឡូក្រាមនៅក្នុងប្រឡាយក្នុងតំបន់។

ជ្រូកងាប់ទាំងនោះបានស្អុយរលួយអស់ទៅហើយនៅពេលគេរកឃើញពួកវា។

ឧបទ្ទវហេតុនេះបានបង្កហានិភ័យខ្ពស់នៃការបំពុលបរិស្ថាន ព្រោះប្រឡាយផ្តល់ទឹកសម្រាប់ដំណាំនិងមានទីតាំងនៅជិតតំបន់លំនៅដ្ឋាននិងសាលារៀន។

អាជ្ញាធរនៅឃុំ Luc Da បានចាត់អង្គភាពពាក់ព័ន្ធឱ្យពិនិត្យមើលកសិដ្ឋានក្នុងស្រុកនិងការពារកុំឱ្យស្ថានភាពស្រដៀងគ្នានេះកើតឡើងនាពេលអនាគត។

នៅឃុំ Thanh Yen ស្រុក Thanh Chuong សាកសពជ្រូកជាច្រើនត្រូវបានរកឃើញនៅក្រោមស្ពានក្នុងតំបន់។

យោងតាមលោក Bui Huu Chuong ប្រធានគណៈកម្មាធិការប្រជាជនឃុំបានឱ្យដឹងថា សត្វជ្រូកទាំងនេះត្រូវបានគេយកមកបោះចោលទៅក្នុងទឹកទន្លេនៅពេលយប់ បន្ទាប់ពីពួកវាងាប់ដោយសារឆ្លងជំងឺផ្តាសាយជ្រូកអាហ្វ្រិក។

លោក Chuong និយាយថាអាជ្ញាធរមូលដ្ឋាននឹងបន្តធ្វើការត្រួតពិនិត្យនិងល្បាត ដោយបន្ថែមថា អ្នកដែលទទួលខុសត្រូវនឹងត្រូវទទួលទណ្ឌកម្ម៕

-->
adverise with khmeread