adverise with khmeread 1

ឃើញ​មនុស្ស​លង់ទឹក​ត្រូវ​ជួយសង្គ្រោះ​បែបណា​ដើម្បី​កុំឱ្យ​ជនរងគ្រោះ​រឹតតែ​រងគ្រោះ​?

    ​មនុស្ស​លង់ទឹក​ភាគច្រើន ដែល​នៅ​សង្ឃឹម​រស់​តែ​បែរជា​ស្លាប់ គឺ​បណ្តាលមកពី​អ្នក​ជួយសង្គ្រោះ​ជួយ​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​។ ថ្ងៃនេះ​ខ្មែរ​រីដ​សូម​លើកយក​អត្ថបទ​ដ៏​សំខាន់​នេះ​ចែកជូន​ប្រិយមិត្ត​សម្រាប់​ជា​ទុន​មួយ​ទុក​តាម​ខ្លួន​ក្នុងករណី​ជួប​មនុស្ស​លង់ទឹក និង ដឹង​ស្រាប់​ពី​វិធី​សង្គ្រោះ​បឋម​។ 

​    ​១. ហៅ​គេ​ឱ្យជួយ​
​    ​- ត្រូវ​សង្កេតមើល​ជុំវិញខ្លួន​រកមើល​អ្នក​ជំនាញ​សង្គ្រោះ​ជីវិត​មនុស្ស​លង់ទឹក​។ ប្រសិនបើ​គ្មាន សូមឱ្យ​នរណាម្នាក់​តេ​ហៅ​ឡានពេទ្យ​ជាបន្ទាន់​គឺ​លេខ ៩១១​។ 
​    ​- ប្រសិន​នៅ​កន្លែងកើតហេតុ​មានតែ​លោកអ្នក​ម្នាក់ឯង​ទេ សូម​អនុវត្តតាម​វិធី​ខាងក្រោម​។​
​    ​
​    ​២. ស្រង់​មនុស្ស​លង់ទឹក​
​    ​- ស្រង់​ជនរងគ្រោះ​ដាក់​លើគោក​ឱ្យបាន​ត្រឹមត្រូវ (​កុំ​ភ័យ​ស្លន់ស្លោ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​)​។​

​    ​៣. ពិនិត្យ​ដង្ហើម​ជនរងគ្រោះ​
​    ​- ដាក់​ត្រចៀក​របស់​អ្នក​ក្បែរ​មាត់​និង​ច្រមុះ​របស់​ជនរងគ្រោះ​។ តើ​ស្តាប់ឮ​ខ្យល់​ដង្ហើម​ដែរ​ឬក៏​អត់​?
​    ​- មើល​ដើមទ្រូង​ជនរងគ្រោះ​ថា​មាន​សកម្មភាព​កម្រើក​ប​ន្តិ​ច​ខ្លះ​ទេ​។ 

​    ​៤. ប្រសិនបើ​ជនរងគ្រោះ​គ្មាន​ដង្ហើម​ទេ សូម​ពិនិត្យ​ជីបចរ​
​    ​- ត្រូវ​ពិនិត្យ​ជីបចរ​រយៈពេល ១០ វិនាទី (​ស្ទាប​ក្រោម​ចង្អូរ​ក​ខាងស្តាំ​) (​មើល​វីដេអូ​ដើម្បីឱ្យ​កាន់តែច្បាស់​)​។​

​    ​៥. ប្រសិនបើ​គ្មាន​ជីបចរ​ទេ ត្រូវ​ចាប់ផ្តើម​វិធី​សង្គ្រោះ​បឋម ហៅ​កាត់​ថា CPR ភ្លាម​
​    ​* ត្រូវដាក់​ជនរងគ្រោះ​ដេក​ផ្ងារ​
​    ​- សម្រាប់​មនុស្ស​ធំ ឬ​កូនក្មេង ត្រូវដាក់​កែង​បាតដៃ​ម្ខាង​នៅលើ​កណ្តាល​ទ្រូង​ស្រប​នឹង​ក្បាល​សុដន់​។ បន្ទាប់មក​យកដៃ​ម្ខាង​ទៀត​សង្កត់​ពី​ដៃ​ដែល​ដាក់​លើ​ទ្រូង​អំបាញ់មិញ​។ សម្រាប់​ទារក ត្រូវយក​ម្រាមដៃ​ពីរ​ដាក់​លើ​ឆ្អឹង​សន្ទះ​ទ្រូង​។ 
​    ​- សម្រាប់​មនុស្ស​ធំ​ឬ​កូនក្មេង ត្រូវ​សង្កត់​ទ្រូង​ឱ្យ​ស្រុតចុះ​ប្រហែល ២ អ៊ី​ញ​។ ត្រូវ​ប្រាកដថា​មិន​សង្កត់​លើ​ឆ្អឹងជំនីរ​ឡើយ​។ សម្រាប់​ទារក ត្រូវ​សង្កត់​ឱ្យ​ស្រុត​ចុះក្រោម​ពី ១ អ៊ី​ញ ទៅ ១ អ៊ី​ញក​ន្លះ​។ ត្រូវ​ប្រាកដថា​មិន​សង្កត់​នៅ​ចុង​ឆ្អឹង​សន្ទះ​ទ្រូង​ឡើយ​។ 
​    ​- សង្កត់​ទ្រូង ៣០ ដង នៅ​ល្បឿន ១០០ ដង​ក្នុង​មួយ​នាទី ឬ​ច្រើនជាង​នេះ (​មានន័យថា​សង្កត់​រាង​ញាប់​បន្តិច​)​។ 
​    ​- ពិនិត្យ​មើលថា​តើ​ជនរងគ្រោះ​មាន​ដង្ហើម​ឬក៏​អត់​

​    ​សម្គាល់​៖ ការណែនាំ​ទាំងនេះ​មិន​បានន័យថា​អាច​ជំនួស​ការហាត់​រៀន​ផ្នែក CPR បាន​ទាំងស្រុង​ទេ​។ លោកអ្នក​អា​ចរក​សាលារៀន​ត្រឹមត្រូវ​ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​។ 

​    ​៦. សង្កត់​ទ្រូង​បន្តទៀត​ប្រសិនបើ​ជនរងគ្រោះ​នៅតែ​គ្មាន​ដង្ហើម​
​    ​- ឥឡូវ​ត្រូវ​បើក​ដង្ហើម​ជនរងគ្រោះ​ដោយ​ផ្ងើយ​ក្បាល​ជនរងគ្រោះ និង​លើក​ចង្ការ​ឡើងលើ​។ 
​    ​- ច្របាច់​ច្រមុះ​ជនរងគ្រោះ​ឱ្យ​ជិត​។ យក​មាត់​របស់​អ្នក​គ្របពីលើ​មាត់​ជនរងគ្រោះ​ហើយ​បញ្ចូល​ខ្យល់​ដង្ហើម​ដល់​ជនរងគ្រោះ​ចំនួន ២ វិនាទី ហើយ​ខណៈនោះ​ត្រូវ​មើល​ទ្រូង​ជនរងគ្រោះ​ថា​តើ​មាន​ហើប​ឡើងលើ​ទេ​ពេល​បញ្ចូល​ខ្យល់​ដង្ហើម​។ 
​    ​- បញ្ចូល​ខ្យល់​ដង្ហើម ២ ដង​រាល់​ការ​សង្កត់​ទ្រូង ៣០ ដង​។ 
​    ​- បន្ត​សង្កត់​ទ្រូង​រាល់ ៣០ ដង រួច​បញ្ចូល​ខ្យល់​ដង្ហើម ២ ដង​រហូត​ទាល់តែ​ជនរងគ្រោះ​ចាប់ផ្តើម​ដកដង្ហើម ឬ ក្រុម​សង្គ្រោះ​មកដល់​ដើម្បី​ជួយសង្គ្រោះ​បន្តទៀត​។​

​    ​សូម​ទស្សនា​វីដេអូ​ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​៕  


 

adverise with khmeread
ប្រភព៖ ហ្វឺ​ស​អេ​ត​

អ្នកនឹងចូលចិត្ត

មតិយោបល់