ហេតុផល ៥ ដែលអ្នកគួរតែឲ្យលុយកូនតូចរបស់អ្នកចាយតិចតួចបំផុត

ក្នុងនាមជាឪពុកម្តាយ ភាគច្រើននៃយើងទាំងអស់គ្នាតែងចង់ឲ្យកូនតូចរបស់យើងបាននូវរបស់ល្អៗ ហើយរីករាយនឹងអត្ថប្រយោជន៍ ដែលលុយអាចនាំមកឲ្យដល់ពួកវា។ សម្រាប់ឪពុកម្តាយភាគច្រើន គឺតែងតែមានកូនចិត្តមួយចង់ឲ្យកូនៗរបស់យើងមានរបស់ប្រណីត ដែលយើងពុំធ្លាប់មានឱកាសស្គាល់ទាល់តែសោះកាលយើងចម្រើនវ័យដឹងក្តី។ 

ការដែលបានឃើញស្នាមញញឹមលើមុខរបស់កូនអ្នក នៅពេលដែលអ្នកធ្វើឲ្យកូនៗភ្ញាក់ផ្អើលជាមួយនឹងរបស់ក្មេងលេងថ្មីៗ ដែលពួកវាតែងរំអុកទិញឥតឈប់ ឬ ក៏ការធ្វើដំណើរកម្សាន្ត ដែលពួកវារំអុកចង់ទៅស្ទើរស្លាប់នោះគឺជាអារម្មណ៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទេ។ គ្មានអ្វីល្អប្រសើរជាងការផ្តល់ក្តីរីករាយដល់កូនៗនោះឡើយ។ ទោះយ៉ាងណា តើអ្នកមិនគិតថា នេះគឺជាការផ្តល់ឲ្យច្រើនពេកហើយទេដឹង? 

គេបានដឹងយ៉ាងច្បាស់ថាឪពុកម្តាយចូលចិត្តផ្តល់អ្វីៗដែលល្អដល់កូនៗរបស់ខ្លួន ប៉ុន្តែនៅពេលផ្តល់កាដូ និងធ្វើរឿងភ្ញាក់ផ្អើលញឹកញាប់ពេកដល់កូន បញ្ហាសំខាន់ៗជាច្រើនអាចនឹងកើតឡើងផងដែរ។ នេះគឺជារឿងពិត នៅពេលនិយាយដល់រឿងលុយកាក់។ ខាងក្រោមនេះគឺជាហេតុផល ៥ ដែលអ្នកគួរតែឲ្យលុយកូនអ្នកចាយតិចតួចបានហើយ ទោះបីជាអ្នកគឺជាអ្នកមានក៏ដោយ។ 

១- ការឲ្យរបស់ផ្គាប់ចិត្តដល់កូនអាចនាំឲ្យវាមានឥរិយបថមិនល្អនៅពេលវាធំឡើង
លោក David Bredehoft បានអះអាងក្នុងការសិក្សារបស់គាត់ស្តីពី "ការទំយើក្មេងហួសហេតុពេក និងឥរិយាបថរបស់ក្មេងពេញវ័យ" ថា ការទំយើកូនៗរបស់អ្នកហួសហេតុពេកតាមរយៈការឲ្យលុយវាច្រើនៗ ឬទិញរបស់លេងអាចនាំឲ្យមានឥរិយាបថមិនប្រក្រតីនៅពេលដែលពួកវាធំដឹងក្តី។ 

ក្នុងការសិក្សារបស់គាត់ ការដែលកូនណាម្នាក់កាន់តែត្រូវបានផ្គាប់ចិត្ត ពួកវានឹងកាន់តែមានចរិកអួតក្អេងក្អាង។ ជាងនេះទៅទៀត ក្មេងៗ ដែលត្រូវឪពុកម្តាយទំយើពេកតែងតែមើលឃើញខ្លួនវាពុំសូវជាមានភាពចំណាប់ដូចក្មេងៗមកពីក្រុមផ្សេងនោះទេ។ 

២- បង្រៀនកូនរបស់អ្នកអំពី ការចង់បាន និង តម្រូវការ
នៅពេលណាដែលកូនរបស់អ្នកមានលុយច្រើនពេក វាងាយស្រួលនឹងឲ្យពួកវាបំពេញរាល់បំណងរបស់វាខ្ជាំងៗខ្លាំងណាស់។ រាល់កូនទាំងឡាយតាមធម្មជាតិនឹងចង់ឲ្យរបស់លេងថ្មីៗឆាប់ចេញ ដូចជាក្បាលហ្គេម ឬប្រហែលជា iPhone ថ្មី ដែលទើបមកដល់ទីផ្សារជាដើម។ 

នេះគឺជាឥរិយាបថធម្មតាទេ ព្រោះការឃោសនាឥតឈប់ឈររបស់បណ្តាញផ្សព្វផ្សាយបានទាញចំណាប់អារម្មណ៍កូនៗរបស់យើងឲ្យចង់បានរបស់ប្រណីតៗទាំងនោះ។ ដោយសារយើងរស់នៅក្នុងសង្គមមួយដែលពោរពេញដោយរបស់ដើម្បីបំពេញបំណងភ្លាមៗ ដូច្នេះវាសំខាន់ណាស់ដែលត្រូវបំផុសគំនិតកូនៗរបស់អ្នកឲ្យស្គាល់នូវភាពខុសគ្នារវាង ការចង់បាន និងតម្រូវការ នៅពេលវានៅក្មេង ដូច្នេះទើបអាចទប់ស្កាត់ទម្លាប់ចាយវាយមិនល្អនៅពេលវាធំឡើង។ 

វិធីមួយដើម្បីបណ្តុះគំនិតនេះគឺតាមរយៈការពន្យល់អំពីចំនួនម៉ោងធ្វើការ ដែលតម្រូវដើម្បីទទួលបានលុយសម្រាប់ទិញរបស់អ្វីមួយជាក់លាក់។ ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកដឹងថា គេត្រូវចំណាយពេលធ្វើការ ៣០ ម៉ោងដើម្បីទិញបានក្បាលហ្គេម Playstation 4 មួយ អ៊ីចឹងត្រូវសួរកូនអ្នកថា តើពួកវានឹងទិញបានម្ហូបអាហារច្រើនប៉ុនណាពេលពួកវាទៅធ្វើការច្រើនម៉ោងដូច្នេះ។ ការសួរបែបនេះអាចជួយឲ្យកូនៗឲ្យចេះតម្លៃលើការប្រឹងប្រែងក្នុងការងារមុនពេលទិញរបស់ប្រណីត ដែលពួកវាចង់បាន។

៣- ការឲ្យលុយចាយតែក្នុងចំនួនតិចតួចផ្តល់នូវមេរៀនសំខាន់មួយអំពីការសន្សំសំចៃ
ផ្អែកតាមចំណុចទីពីរ ប្រសិនបើកូនៗចចេសចង់បានអ្វីមួយ អ៊ីចឹងការឲ្យរបស់នោះភ្លាមដល់វាអាចនឹងមិនមែនជាការសម្រេចចិត្តល្អបំផុតនោះទេ។ 

តាមរយៈការផ្តល់លុយក្នុងចំនួនតិចតួចរាល់សប្តាហ៍ ឪពុកម្តាយអាចបង្រៀនមេរៀនដ៏សំខាន់អំពីសារៈសំខាន់នៃការសន្សំសំចៃ។ ប្រសិនបើកូនរបស់អ្នកចង់បានរបស់លេងថ្មី ពួកវានឹងត្រូវសន្សំលុយឲ្យបានច្រើនដើម្បីទិញវា អ៊ីចឹងក៏មានន័យដែរថា វាជាការត្បិតត្បៀតលើការចំណាយសម្រាប់ទិញរបស់ផ្សេងៗទៀត។ ប្រការនេះនឹងជួយទប់ស្កាត់កូនរបស់អ្នកពីការវិវត្តន៍ទៅរកទម្លាប់ចាយលុយតាមទំនើងចិត្ត។ 

មិនថាអ្នកតម្រូវឲ្យកូនរបស់អ្នកធ្វើការងារផ្ទះតិចតួចដើម្បីទទួលបានលុយបន្ថែមឬក៏អត់នោះទេ គឺវាអាស្រ័យលើអ្នកប៉ុណ្ណោះថាចង់ឲ្យកូនមានទម្លាប់សន្សំលុយឬក៏អត់។ 

៤- កូនៗមិនយល់ពីតម្លៃពិតរបស់លុយនោះទេ
ជាមួយនឹងការចូលមកដល់នៃយុគសម័យឌីជីថល កូនរបស់អ្នកកាន់តែលែងស្គាល់ពីតម្លៃរបស់លុយ។ ជាមួយនឹងការកើនឡើងនូវការប្រើប្រាស់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ការយកលុយទៅដោះដូរពេលទិញទំនិញនឹងលែងសូវមានតទៅទៀតហើយ។ បើគ្មានការដោះដូរដោយប្រើក្រដាសប្រាក់សុទ្ធ វាពិតជាពិបាកនឹងឲ្យកូនៗស្គាល់ពីសារៈសំខាន់នៃការចំណាយដែលកំពុងកើតឡើងណាស់។ 

តាមរយៈការធ្វើឲ្យកូនៗចេះប្រើក្រដាសប្រាក់សម្រាប់ទិញដូរទំនិញជំនួសឲ្យការប្រើប្រាស់ប័ណ្ណឥណទានសម្រាប់ការទិញទំនិញអនឡាញ អ្នកអាចជួយកូនៗឲ្យស្គាល់ពីតម្លៃលុយ ដែលពួកវាកំពុងតែចំណាយ ព្រោះពេលលុយហោចទៅៗពីដៃរបស់វា ពួកវានឹងចេះស្តាយស្រណោះចំពោះលុយនោះ។ 

៥- ការផ្តល់ប្រាក់ឲ្យកូនអ្នកច្រើនពេកអាចបង្កើតឡើងនូវការរំពឹងទុកដ៏ខុសបំណង
ការឲ្យលុយកូនអ្នកចាយច្រើនពេកអាចនឹងកំពុងធ្វើឲ្យពួកវាបរាជ័យតាំងពីដើមទី។ កូនៗ ដែលអាចរកសុំលុយភ្លាមបានភ្លែតនឹងឆាប់ស៊ាំទៅនឹងបែបផែនជីវិតហ៊ឺហា ហើយពួកវានឹងរំពឹងថាជីវិតវានឹងនៅតែបែបនេះនៅពេលពួកវាធំដឹងក្តី ដោយមិនបានដឹងបន្តិចសោះអំពីសកម្មភាពចាំបាច់ដើម្បីរក្សាស្តង់ដាររស់នៅដែលចង់បានរបស់ពួកវា។ 

តើនឹងមានអ្វីកើតឡើងនៅពេលពួកវាធំដឹងក្តី ហើយលែងមានលុយសម្រាប់ផ្គត់ផ្គង់ដល់ពួកវាតទៅទៀត? ប្រាកដណាស់ លទ្ធផលច្បាស់ជាមិនល្អឡើយ។ យុទ្ធសាស្ត្រល្អបំផុតគឺត្រូវរឹតត្បិតចំនួនលុយ ដែលកូនរបស់អ្នកចាយតាំងពីវានៅតូច។ ការនេះនឹងទប់ស្កាត់កូនអ្នកមិនឲ្យមានចរិកអួតក្អេងក្អាង និងទប់កុំឲ្យវារំពឹងថា លុយនឹងចេះតែអាចដើររកសុំបានស្រួលៗ។ កូនៗរបស់អ្នកនឹងដឹងថា គ្មានរបស់អ្វីដែលបានមកទទេរៗទេក្នុងពិភពលោកនេះ ហើយត្រូវបណ្តុះគំនិតវាអំពីការប្រឹងប្រែងធ្វើការ​ទើបផ្តល់អត្ថប្រយោជន៍ដល់ពួកវានៅពេលធំឡើង៕ 

-->
adverise with khmeread